ខេត្តស្វាយរៀង ៖ យោងតាមលោកផាត សុភាព មេបញ្ជាការកងរាជអាវុធហត្ថស្រុកចន្ទ្រាបានឲ្យអង្គភាពនគរដ្រេ ហ្គនដឹងនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ស្ត្ត្រីដែលប្ដីកំណាចចាក់សាំងដុតនៅក្នុងមុងបានស្លាប់ហើយ ខណៈបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម នៅពេលល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ។ ចំណែកកូនប្រុសដែលរបួសរលាកកំភួនជើងទាំងសងខាងត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ។
ប្រភពបន្តថា ចំពោះប្ដីសង្ស័យក៏មានរងរបួសផ្ទៃមុខដោយត្រូវបានយកមកមន្ទីពេទ្យព្យាបាល ខណៈគ្រួសារខាងលើមានកូន២នាក់ កូនប្រុសច្បង ព្រះនាម សឹម អមរា ព្រះជន្ម១៧ឆ្នាំ គង់នៅវត្តបុទមរង្សី រាជធានីភ្នំពេញ និងទី២ ក្មេងប្រុសរងគ្រោះ។
សូមបញ្ជាក់ឡើងវិញមានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាជួយអនរាគមន៍ជួយពន្លត់ភ្លើង ខណៈដែលជនសង្ស័យម្នាក់ស្រវឹងស្រាបានយកដបសាំងចាក់ក្នុងមុងដុត សម្លាប់ខ្លួនទាំង៣នាក់ប្ដីប្រពន្ធកូន ប៉ុន្តែមិនបានសម្រេចដោយ រងរបួសរលាកពេញខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទី យប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
យោងតាមមន្ត្រីកងរាជអាវុធហត្ថស្រុកចន្ទ្រាបានឲ្យអង្គភាពនគរដ្រេហ្គនដឹងថា ជនសង្ស័យដែលចាក់សាំងដុតប្រពន្ធ និងកូនបណ្ដាលអោយរងរបួសមានឈ្មោះ ថុល ចាន់ អាយុ៤៧ឆ្នាំ មុខរបរកសិករមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកប្រពន្ធនិងកូនមានឈ្មោះ តឿ ចិន្ដា អាយុ៣៧ឆ្នាំ មុខរបរកសិករនិងកូនឈ្មោះ វ៉ាត់ សុជាតិ អាយុ៦ឆ្នាំ ។
តាមអ្នកភូមិបានឲ្យដឹងថា ក្រុមគ្រួសារខាងលើតែងតែឈ្លោះគ្នាជាប្រចាំមិនលោះថ្ងៃឡើយ ខណៈដែលបុរសជាប្ដីពេលផឹកស្រាស្រវឹងម្ដងៗគឺប្រច័ណ្ឌប្រពន្ធ និងអ្នកផ្សេងជានិច្ច។ លុះនៅពេលកើតហេតុផ្ទះរបស់ជនសង្ស័យបាន ឮសូរមានការឈ្លោះប្រកែកគ្នា ខណៈនោះស្រាប់តែមានហុយផ្សែងឡើង និងស្រែកជួយផងភ្លើងឆេះទើបបង្កការឆោឡោភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាអន្តរាគមន៍ជួយពន្លត់ ដោយប្ដីប្រពន្ធកូនមានការរលាកពេញខ្លួនបញ្ជូនមកកាន់មន្ទីពេទ្យដើម្បីសង្គ្រោះជីវិត។
បច្ចុប្បន្ន ជនសង្ឃ័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជួនចាត់ការតាមច្បាប់ ៕ យឹម សុថាន
...