ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូ សុខៗបែរជារលត់ ក៏បានចុះបណ្ដើរបានប្រហែល១០០ម៉ែត្រ ក៏ស្រាប់តែមានរថយន្តដឹកស្រាបៀរ LEO បើកជែងរថយន្តមួយគ្រឿងទៀតជ្រុលមកបុកម៉ូតូជនរងគ្រោះពីក្រោយបណ្ដាលឲ្យរងការខូចខាត តែសំណាងល្អហើយមិនបង្កឲ្យមនុស្សរងបួស ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កឡើងកាលពីវេលាម៉ោង១៧និង២០នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់ជិះម៉ូតូមួយគ្រឿងម៉ាកYAMAHA សេរីម៉ូតូធំ ពណ៌លឿង លាយខ្មៅ គ្មានស្លាកលេខ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បួងទៅជើង លុះជិះចំណុចដល់កើតហេតុ ក៏រលត់ ក្រោយមក គាត់ក៏បានបណ្ដើរបានប្រហែល១០០ម៉ែត្រ ស្រាប់តែមានថយន្តមួយគ្រឿងម៉ាកសាំយ៉ុងជារថយន្តក្រុមហ៊ុនស្រាបៀរ LEO ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2V.2752 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង(ស្របគ្នា)ក្នុងល្បឿនលឿន ហើយជែងគ្នាជាមួយរថយន្តមួយគ្រឿងទៀត ក៏ជ្រុលចង្កូតមកបុកម៉ូតូដែលកំពុងបណ្ដើរពីក្រោយពេញទំហឹងបណ្ដាលឲ្យម៉ូតូបែកខ្នងកង់ក្រោយបត់ចូលគ្នា រងការខូចខាត រីឯម្ចាស់ម៉ូតូរងបួសស្រាល។
ក្រោយពេលកើតហេតុ ខាងម្ចាស់រថយន្តបង្កបានចុះមកសម្របសម្រួលគ្នា ដោយភាគីខាងម៉ូតូទារសំណងពីខាងរថយន្តហូសពីសមត្ថភាព ទើបសម្រួលគ្នាមិនត្រូវ ក៏សម្រេចទំនាក់ទំនងទៅសមត្ថកិច្ច និងជំនាញឲ្យមកវាស់វែងយកម៉ូតូនិងថយន្តបង្កយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕
ដោយ៖ ជីម ភារ៉ា