ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូឈប់នៅចញ្ចើមផ្លូវម្ខាង ហើយដើរឆ្លងផ្លូវទៅរកទិញកាតទូរស័ព្ទត្រូវរថយន្តកុងតឺន័របើកបុកពេញទំហឹងបណ្តាលឲ្យរថរបួសធ្ងន់ ។
កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២ ខែ១១ ឆ្នាំ២០១៥ នៅចំណុចមុខផ្សារត្រពាំងថ្លឹង តាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោល ។
តាមសាក្សីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូឌ្រឹម សងសេរីឆ្នាំ២០១០ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1Y 8904 បានមកឈប់នៅចញ្ចើមផ្លូវវេងស្រេងខាងត្បូង ជិតផ្សារត្រពាំងថ្លឹង បន្ទាបមកក៏ដើរឆ្លងផ្លូវទៅជើង បំណងរកទិញកាតទូរស័ព្ទ ។ខណះមកដល់ពាក់កណ្តាលផ្លូវក៏ត្រូវរថយន្តកុងតឺរន័រមួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដោយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពេញទំហឹងបណ្តាលអោយជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ហើយរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យរូស្ស៊ី ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្នរង់ចាំក្រុមគ្រួសារមកទទួលយកទៅវិញ ៕
ដោយ៖ សុខា សែនជ័យ