ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវរថយន្ដសាមុយដឹកយកទៅសង្គ្រោះនៅមុន្ទីរពេទ្យភ្លាមៗ និងរនាំងដែកពុះចែកទ្រូងផ្លូវចំនួន៦ផ្ទាំងបានរងការខូចខាតដាច់រាស្មើរដល់ដី ដោយសារតែរថយន្ដដឹកឧបករណ៍ភ្លេងតន្ត្រីសម័យមួយគ្រឿងបើកក្នុងល្បឿនលឿនជ្រុលបុករះពេញទំហឹងបណ្ដាលអោយរថយន្ដក្រឡាប់ផ្ងារជើង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង២៣និង៣០យប់ថ្ងៃទី០២ ខែវិឆ្ឆិកា ឆ្នាំ២០១៥ នៅចំនុចខាងមុខស្ថានីយ៍ប្រេងឥន្ធនៈ សាវីមិច តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងភូមិក្បាល់ដំរី សង្កាត់ កាកាប ខណ្ឌពោរធិ៍សែនជ័យ រាជធានីភ្នំពេញ។
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញមានរថយន្ដមួយគ្រឿងម៉ាក កូរ៉េទំងន់១តោនកន្លះ ពណ៍ខៀវ ពាក់ស្លាកលេខ ប ១៦៤៣ភព២ បើកបរដោយបុរស់ម្នាក់និងរួមដំណើរជាមួយព្រូម្នាក់ ដឹកឧបករណ៍ភ្លេងតន្ត្រីសម័យ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំនុចកើតហេតុក៏រេចង្កូតទៅបុករនាំដែកពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលអោយបាក់អស់ចំនួន៦ផ្ទាំងនិងរថយន្ដក្រឡាប់ផ្ងារជើងគៀបជាប់ព្រូម្នាក់រងរបួសធ្ងន់ ចំណែកតៃកុងរថយន្ដរងរបួសស្រាល។
ក្រោយកើតហេតុតៃកុងរថយន្ដត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាប ឃាត់ខ្លួនយកទៅសួរនាំ។ ចំណែកជនរងគ្រោះត្រូវបានកងកម្លាំងអន្តរាគមន៍សង្គ្រោះបន្ទាន់លេខ៧១១ របស់អង្គភាពកងពល់តូច ង៧០ បានមកធ្វើការជួយសង្គ្រោះដោយយកឧបករណ៍កាត់ដើម្បីកាត់ដែករថយន្ដយកជនរងគ្រោះទៅសង្គ្រោះនៅមុន្ទីរពេទ្យ។
ចំណែករថយន្ដត្រូវបានកម្លាំងជំនាញចុះធ្វើការវាស់វែងនិងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមនិតិវិធី ៕
ដោយ៖ សុខាសែនជ័យ