ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធព្រះវិហារ និងសមិទ្ធផល នានាក្នុងវត្តដងទង់ ស្ថិតនៅភូមិច្រកឬស្សី សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។
លោកស្រី បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺតែងតែគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ខាងជំនឿ និង ការគោរពព្រះពុទ្ធសាសនា ដោយគ្មានការរើសអើង ហើយយល់ថា ទំនាក់ទំនងរវាងជំនឿសាសនានិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិតជាមិនអាចកាត់ផ្ដាច់បានឡើយ ។ ក្រោមនយោបាយឈ្នះ ឈ្នះ សម្តេចបានកសាងនិងដឹកនាំប្រទេសឲ្យមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យដោយជ្រកក្រោមដំបូល រដ្ឋធម្មនុញ្ញតែមួយ ជាពិសេសមានសុខុដុមនីយកម្មផ្នែកសាសនាទើបមានលេចចេញជា ព្រះវិហារដ៏ស្រស់ស្អាតក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម សោម សុធា និងលោកជំទាវ ម៉ម ពិសី ព្រមទាំងក្រុមគ្រួសារ ។
លោក និងលោកស្រី គឺជាពុទ្ធសាសនុបត្ថម្ភដ៏ថ្លៃថ្លាបានចំណាយថវិកាផ្ទាល់ខ្លួន និងបានកៀគរថវិកាដែលជាទឹកចិត្តសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនារបស់ លោក លោកស្រី ឧកញ្ញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងពុទ្ធបរិស័ទ្ធចំណុះជើងវត្តទាំងក្នុង និងក្រៅប្រទេសក្នុងការកសាងសមិទ្ធផលនានានៅក្នុងវត្តដងទង់នាពេលនេះ
ក្នុងឱកាសនោះផងដែរ លោកស្រី ឧបនាយករដ្ឋមន្ត្រី ក៏បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរថ្នាក់ដឹកនាំរាជរដ្ឋភិបាល ព្រឹទ្ធសភា រដ្ឋសភា ប្រជាពលរដ្ឋទូទាំងប្រទេស សូមអោយជួបសេចក្តីសុខចម្រើន អាយុយឺនយូរ ប្រកបកិច្ចការអ្វីសូមឲ្យបានដូចក្តីប្រាថ្នា និង ជួបពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ជាទីបញ្ចប់ក៏មានការរាប់បាត្រ និង ប្រគេននូវទេយ្យវត្ថុដល់ព្រះសង្ឃ ១០៨ អង្គ ផងដែរ៕
ដោយ៖ សហាការី