ភ្នំពេញ៖ ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌ៧មករា សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនបានភ្លាមៗ ក្រោយពីធ្វើសកម្មភាពឆក់កាបូបពីគូសង្សារមួយគូមិនបានសម្រេច ។
កាលពីវេលាម៉ោង០៣និង៤០នាទីទៀបភ្លឺថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចខាងមុខវត្ត មហាមន្ត្រី តាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនសង្ស័យទី១មានឈ្មោះ ខន សុខឈី ហៅវិត ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះម្ដុំបូឌិញក្នុងសង្កាត់ទន្លេបាសាក ខណ្ឌចំការមន មុខរបរមិនពិតប្រាកដ ជនសង្ស័យទី២មានឈ្មោះ ហេង ពន្លឹក ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៤៤Eo ផ្លូវសុធារស់ ក្នុងសង្កាត់ទន្លេបាសាក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ជី អូន ភេទប្រុស អាយុ២៦ ឆ្នាំ ស្នាក់ម្ដុំផ្សារ ស៊ីឡិប សង្កាត់ចតុមុខ។
ជនរងគ្រោះបានប្រាប់អោយដឹងថា មុនពេលកើតហេតុរូបគបានជិះម៉ូតូមួយគ្រឿងម៉ាក ធូដេ ពណ៍លឿន គ្នាស្លាកលេខបានជិះដឹកសង្សា ដោយធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យពីរនាក់ជិះម៉ូតូ ឡេត មួយគ្រឿង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1DE-0546 ជិះមកជិតហើយបានធ្វើសកម្មភាពឆក់កាបូបពីនារីដែលជាសង្សាររបស់ខ្លួន តែមិនបានបានក៏ដួលម៉ូតូទាំងពីរទៅនឹងថ្នល់។
ប្រភពដដែលបានបន្តថា ក្រោយពីដួលម៉ូតូហើយជនសង្ស័យបានព្យាយាមលើកម៉ូតូដើម្បីជិះរត់គេចខ្លួន តែត្រូវជនរងគ្រោះហក់ធាក់ និងស្រែកផ្អើលឆោឡោអោយគេជួយ ភ្លាមនោះជនសង្ស័យទាំងពីរនាក់ក៏បានរត់គេចខ្លួនដោយទុកម៉ូតូនៅកន្លែងកើតហេតុ ។ ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបានសហការណ៍ជាមួយកម្លាំងសមត្ថកិច្ចខណ្ឌចំការមនធ្វើការឡោមព័ទ្ធស្ទាក់ចាប់បានជនសង្ស័យទាំងពីរនាក់បានតែម្ដង។
បច្ចុប្បន្នជនសង្ស័យ និងម៉ូតូត្រូវបានបញ្ជូនទៅអធិការដ្ឋានខណ្ឌ៧មករា ដើម្បីកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕
ដោយ៖ ស រស្មី