ខេត្តសៀមរាប៖ កម្មករធ្វើចេកឆាបម្នាក់ ត្រូវបានអគ្គិសនីឆក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែង យ៉ាងអាណោចអធ័ម ខណៈដែលជនរងគ្រោះរូបនោះ បានពង្រាយខ្សែភ្លើងដើម្បីឆក់ត្រីនៅប្រឡាយខាងមុខ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង០០នាទីល្ងាច ថ្ងៃទី៣១ ខែតុលាឆ្នាំ២០១៥ នៅក្នុងភូមិពោធិ៍បុស្ស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ សាក្សីនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះបានរាយខ្សែភ្លើងនៅមុខផ្ទះតែម្នាក់ឯង ដើម្បី
ចុះទៅឆក់ត្រីតែមិនដឹងយ៉ាងម៉េចបានស្លាប់ តែអ្នកជិតខាងបានប្រាប់ថាឮសូរស្រែកហៅឲ្យជួយដែរតែពេលមកដល់ក៏ឃើញដាច់ខ្យល់បាត់ទៅហើយ ។ លោកអនុសេនីយ៍ទោ ស៊ូ វ៉ាន់ដេតនាយប៉ុស្តិ៍នគរបាលសង្កាត់ស្វាយដង្គំបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះថន ខួច អាយុ២១ឆ្នាំ ជាកម្មករចេកឆាប មានស្រុកកំណើតនៅភូមិដំរីផុង ឃុំដំរីផុង ស្រុកឆ្លូងខេត្តក្រចេះ ។ លោកបានបន្តថាជនរងគ្រោះបានរាយខ្សែភ្លើងដើម្បីឆក់ត្រីនៅប្រឡាយក្បែផ្ទះយកត្រីធ្វើម្ហូបតែសំណាងអាក្រក់ត្រូវអគ្គិសនីឆក់ស្លាប់តែម្តង ។
លោកបានបន្តថា បន្ទាប់ពីកើតហេតុភ្លាមៗកម្លាំងរបស់លោកបានចុះទៅដល់និង កម្លាំងនគរបាលជំនាញមកធ្វើកោសល្យវិច្ច័យនិងលទ្ធផលបានបង្ហាញថាការស្លាប់នេះគឺពិតជាឆក់ខ្សែភ្លើងស្លាប់ដោយខ្លួនឯងមែន ៕
ដោយ៖ ជានិរន្ដ៍