ភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចកាច់កសោរម៉ូតូមិនបានសម្រេច តែត្រូវម្ចាស់ម៉ូតូឃើញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍ស្រះចកដែលបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅចំណុចមុខផ្ទះលេខ២៨ តាមបណ្ដោយផ្លូវ៦១ ក្បែរមន្ទីរពេទ្យជប៉ុន ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចប៉ុស្ដិ៍ស្រះចកបានឲ្យដឹងថា ជនសង្ស័យដែលបានធ្វើសកម្មភាពកាច់កសោរម៉ូតូមានឈ្មោះ ចាន់រ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។ រីឯជនរងគ្រោះមានឈ្មោះ វ៉ាន់ ស៊ាងហ៊ួ ភេទប្រុស អាយុ៤៥ឆ្នាំ មានមុខរបរជាគ្រូរបង្រៀន ស្នាក់នៅផ្ទះលេខ២១៧ ផ្លូវលេខ១០២ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងត្រូវជាម្ចាស់ម៉ូតូម៉ាកអាយខុន (icon)ពណ៍ស លាយលឿង ពាក់ស្លាកលេខ ភ្នំពេញ ១BK.៧៥៤៥ ។
សមត្ថកិច្ចប៉ុស្ដិ៍ស្រះចកបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនចេញពីផ្ទះយកមកម៉ូតូមកទុកនៅចំណុចកើតហេតុខាងលើ ដោយបានចាក់សោរកត្រឹមត្រូវរួចជនរងគ្រោះដើរចេញដល់ខ្លោងទ្វារមន្ទីរពេទ្យជប៉ុន ក៏ក្រឡេកមើលក្រោយ ស្រាប់តែឃើញជនសង្ស័យកំពុងធ្វើសកម្មភាពឆ្កិះសោរកាច់កម៉ូតូ ក៏បានស្រែកផ្អើលឆោឡោចាប់ជនសង្ស័យបានភ្លាមៗនៅនឹងកន្លែងកើតហេតុ យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍ស្រះចកតែម្ដងទៅ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ស្រះចកធ្វើការបញ្ជូនខ្លួនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ ស ដារ៉ា