ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយបានកើតឡើង ដោយសារតែគ្រឿងស្រវឹង បន្ទាប់ពីបុរសម្នាក់បើកបរក្នុងស្ថានភាពស្រវឹងស្រាជោកជោំ ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់បណ្ដាលឲ្យបោកក្បាលទៅនឹងកញ្ចក់រថយន្តខ្លួនឯងបែកហូរឈាមស្រោចពេញខ្លួន បង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងកណ្ដាលអធ្រាត្រ ។
ករណីគ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្បែរក្រុមហ៊ុនមិត្តហ្វូន តាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២O៩៦០៣ ជិះគ្នា៤នាក់ ប្រុសទាំងអស់គ្នា អ្នកបើកបរអាយុជាង៣០ឆ្នាំក្នុងស្ថានភាពស្រវឹង ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុបានបើកតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន លុះជិះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ខ្ទេចអស់១កង់ ធ្វើឲ្យរថយន្តខ្ទេចផ្នែកខាងមុខចំហៀងខាងឆ្វេង និងកាឡេកង់មុខខាងឆ្វេងទៅមុខលែងរួច បន្ទាប់មកគេឃើញអ្នកបើកបរបោកក្បាលទៅនឹងកញ្ចក់រថយន្តបែកក្បាលហូរឈាមជោកខ្លួន ចំណែកឯអ្នករួមដំណើរ៣នាក់ទៀត រងរបួសស្រាលបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់អស់ ។
ក្រោយពេលកើតហេតុអ្នកបើករថយន្តបង្កមិនព្រមទៅព្យាបាលរបួសនៅមន្ទីរពេទ្យខ្លួនឯងនោះទេ ដោយសុខចិត្តនៅ ចាំមើលរថយន្តរបស់ខ្លួនរហូតដល់សមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំចូលដោះស្រាយសងទ្រព្យសម្បត្តិរដ្ឋផងដែរ ៕
ដោយ៖ ស ដារ៉ា