ភ្នំពេញ៖ រថយន្តដឹកកុងតឺន័រ ១គ្រឿងរបស់ក្រុមហ៊ុនផែស្ងួតតិចស្រ៊ុន បានក្រឡាប់ផ្ងារជើង ទាំងព្រឹក នៅចំនុចផ្លូវបំបែកពី ផ្លូវជាតិលេខ១ ចូលទៅរោង ចក្រផលិតស្រាបៀថៃហ្គ័រ ស្ថិតក្នុងភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារ អំពៅ កាលពីវេលា ម៉ោង៨និង២០នាទី ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
រថយន្តដែលជួបគ្រោះថ្នាក់ ម៉ាក នីសាន់ ឌៀសែល ពាក់ស្លាកលេខ ភ្នំពេញ 3A-1667 អ្នកបើកបររង របួសស្រាល ។ ករណីនេះមិន បង្កគ្រោះថ្នាក់ដល់អ្នកដំណើរឬបង្កការខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋនោះឡើយ ។
លោក ឯក សារ៉ន អធិការ រងសណ្តាប់ធ្នាប់ចរាចរខណ្ឌច្បារអំពៅបានអោយដឹងថា មុនពេលគ្រោះថ្នាក់សាក្សីបានឃើញរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួត តិចស្រ៊ុន បើក ក្នុងទិសដៅពីអ្នកលឿងចូល មកភ្នំពេញ ។ មកដល់ផ្លូវបំ បែកពីផ្លូវជាតិលេខ១ចូលទៅផ្លូវថៃហ្គ័រ អ្នកបើកបរមិនបាន បន្ថយល្បឿនឡើយ ពោលគឺបួងចង្កូតបត់ឆ្វេងចូលទៅផ្លូវថៃហ្គ័រ បណ្តាលអោយ ក្រឡាប់នៅចំនុចផ្លូវបំបែកតែម្តង ។
លោកអធិការរងបន្តថា ករណីនេះមិនមានគ្រោះថ្នាក់ដល់អ្នកដំណើរឬខូចខាតសម្ភារៈរបស់រដ្ឋនោះឡើយ ពោលគឺខូចខាតតែរថយន្តរបស់ក្រុមហ៊ុនប៉ុណ្ណោះ ហើយរថយន្តដែលជួបគ្រោះថ្នាក់ត្រូវម្ចាស់ក្រុមហ៊ុនស្ទូចយកទៅជួសជុលដោយខ្លួនឯង ។ ករណីនេះកើតឡើងដោយ សារអ្នកបើកបរមិនប្រយ័ត្ន ៕
ដោយ៖ សណ្តោស