ខេត្តពោធិ៍សាត់៖ តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋស្រុកភ្នំក្រវាញបានឱ្យដឹងថា គេសង្កេតឃើញឈ្មួញជំនួញឈើប្រណិតដ៏ធំសម្បើមប្រចាំស្រុកមួយនេះឈ្មោះ ផានី កំពុងដំណើរការយ៉ាងរលូន សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើគ្មានការបង្ក្រាប ឃើញតែឱបដៃឱបជើងដើម្បីលាភសក្ការៈប៉ុណ្ណោះ ។
ប្រភពបន្ដថា គេសង្កេតឃើញឈ្មួញឈើ ផានី ដ៏ធំមួយនេះ គាត់មិនសូវចេញមុខប្រមូលទិញឈើប្រណិតនោះឡើយ ដោយគាត់ប្រើដៃជើងឈ្មោះ ជា អ្នកដើរប្រមូលទិញឈើប្រណិតពីប្រជាពលរដ្ឋនៅភូមិក្សេត្របូរី និងភូមិស្នួល ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ដឹកជញ្ជូនតាមគោយន្ដទាំងយប់ទាំងថ្ងៃ យកមកស្ដុកទុកនៅភូមិគល់ទទឹង ស្ថិតក្នុងឃុំសន្ទ្រែនោះដែរ ទើបពួកគេលើកដាក់រថយន្ដ ម៉ាកនីសាន់ ឬ សាំយ៉ុង ចេញដំណើរនៅយប់ពាក់កណ្ដាលអាធ្រាត្រឆ្លងកាត់តាមផ្លូវគ្រួសក្រហមក្រុមហ៊ុនដាំដំឡូងមីចិន កាត់តាមឃុំឈើតុំ ស្រុកក្រគរ ហួសទៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បន្ដតាមស្រុកខ្ពង ទៅលក់ឱ្យឈ្មួញធំ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ប្រភពបន្ដទៀតថា ឈ្មួញឈើប្រណិតឈ្មោះ ផានី នេះធំជាងគេក្នុងស្រុកភ្នំក្រវាញជាយូរឆ្នាំមកហើយ ប៉ុន្ដែគាត់មិនសូវល្បីល្បាញឈ្មោះប៉ុន្មាននោះទេ ដោយសារគាត់ប្រើដៃជើងដើរប្រមូលទិញឈើប្រណិតពីប្រជាពលរដ្ឋ ក្នុង១ម៉ែត្រគូប ពី ៨០០ដុល្លារ ទៅ ១១០០ដុល្លារ ហើយក៏គ្មានការ
បង្ក្រាបនៅក្នុងមូលដ្ឋាន ឬនៅតាមដងផ្លូវដ៏វែងឆ្ងាយខាងលើ ហើយសមត្ថកិច្ចបណ្ដាក់គ្នាដូចខ្យង ។
ដូច្នេះនៅក្រោយពីការចេញផ្សាយនេះ សមត្ថកិច្ចពិតជាមានការបង្ក្រាបជាមិនខាន ៕
ដោយ៖ ប៉ឹម ពិន