ខេត្តតាកែវ៖ ម៉ាស៊ីុនបូមទឹកខ្នាតមធ្យម (៦៥សេះ) ចំនួន ០៦ គ្រឿង កំពុងត្រូវបានដាក់ឱ្យដំណើរការបូមយកទឹកពីទន្លេបាសាក់មកបំពេញអាងទឹកដងខ្ញម ស្ថិតក្នុងសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បន្ទាប់ពីក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានរៀបចំតម្លើងជាបន្តបន្ទាប់ ។
លោក ប៊ុន ហួ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានប្រាប់ឱ្យដឹងនាព្រឹកថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ ថា កន្លងមកការងារបូមយកទឹកពីទន្លេបាសាក់មកបញ្ចូលអាងទឹកដងខ្ញម សម្រាប់ផ្គត់ផ្គង់ដំណាំស្រូវរដូវប្រាំងរបស់ប្រជាកសិករប្រមាណ ៥០០ ហិកតា នៅក្នុងសង្កាត់រការក្រៅ ក្រុងដូនកែវ និងឃុំស្រងែ ស្រុកទ្រាំង គឺក្រុមការងារមន្ទីររបស់លោក បានប្រើប្រាស់ម៉ាស៊ីន(៦៥សេះ) ចំនួន ០២គ្រឿង ប៉ុណ្ណោះ ។
លោក ប៊ុន ហួរ បានបន្តថា ដោយពិនិត្យឃើញថា ប្រជាកសិករនៅតំបន់នេះ បានចាប់ផ្តើមទាញយកទឹកពីអាងទឹកដងខ្ញមមកប្រើប្រាស់ក្នុងការសាបព្រោះ ដកស្ទូង ដំណាំស្រូវរដូវប្រាំងជាបណ្តើរៗ ហើយទឹកទន្លេក៏ចាប់ស្រកចុះកាន់ច្រើន លោករដ្ឋមន្ត្រី លឹម គានហោ បានបញ្ជាឱ្យក្រុមការងាររបស់លោករៀបចំតម្លើងម៉ាស៊ីនខ្នាតមធ្យម (៦៥សេះ) ចំនួន ០៤ គ្រឿងបន្ថែមទៀត ដើម្បីដំណើរការបូមឱ្យបានទាន់ពេលវេលា។
លោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមថា មកដល់ពេលនេះ ប្រជាកសិករនៅទូទាំងខេត្តតាកែវ បានធ្វើការសាបព្រោះ ដកស្ទូងដំណាំស្រូវរដូវប្រាំង បានចំនួន ប្រមាណ ៧.៥២០ ហិកតា ស្មើនឹងប្រមាណជាង ១០ភាគរយ នៃផែនការដែលបានដាក់ចុះ ៕
ដោយ៖ សុខ ខេមរា