ការទាមទារតវ៉ារកដំណោះស្រាយទំនាស់ដីធ្លីនៅខាងមុខសាលាខេត្តរបស់ប្រជាពលរដ្ឋចំនួន២ស្រុក ឈានដល់ការបិទផ្លូវជាតិបង្ករាំងស្ទះចរាចរណ៍

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បញ្ហាទំនាសដីធ្លីរ៉ាំរ៉ៃធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងស្រុក២ផ្សេងគ្នាគឺស្រុកអូរជ្រៅនិងស្រុកថ្មពួក ប្រមាណជិត ៥០០នាក់បាន នាំគ្នាមកទាមទារតវ៉ានៅខាងមុខសាលាខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ដើម្បីឱ្យអភិបាលខេត្តបន្ទាយមានជ័យជួយរកដំណោះស្រាយជូនដល់ពួកគាត់។

IMG_6832

ការទាមទារតវ៉ារបស់ប្រជាពលរដ្ឋទាំងនោះត្រូវគេមើលឃើញថា បានឈានដល់ការបិទផ្លូវជាតិលេខ៥ត្រង់ចំណុចរង្វង់មូលខាងមុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ គ្រាដែលគេមិនទាន់ឃើញអាជ្ញាខេត្តចេញមុខសម្របសម្រួលមកដោះស្រាយ ។

ការទាមទារតវ៉ាបិទផ្លូវត្រូវគេមើលឃើញថាបានបង្កឱ្យរាំងស្ទះចរាចរណ៍ធ្វើឱ្យ រំខានដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាជន និងភ្ញៀវទេចរជាតិនិងអន្តរជាតិនោះផងដែរ ។ ក៏ប៉ុន្តែការកកស្ទះចរាចរណ៍នោះក៏ត្រូវបានកម្លាំងនគរបាលរក្សាសណ្តាប់ធ្នាប់នៅទីនោះ ឱ្យរថយន្តតូចធំ និងរថយន្តភ្ញៀវទេសចរណ៍បើកបង្វែទិសផ្លូវវៀងជំនួសវិញ ។ ទើបនៅពេលនោះធ្វើស្ថានការនៃការកកស្ទះចរាចរណ៍ បានដោះស្រាយប្រសើរបានមួយកំរិត ។

ការទាមតវ៉ារបិទផ្លូវជាង១ម៉ោងត្រូវបានបើកផ្លូវវិញ គ្រាដែលអាជ្ញាធរខេត្តបន្ទាយមានជ័យ បានឱ្យតំណាងប្រជាពលរដ្ឋចំនួន៥០នាក់ មកជួបប្រជុំដោះស្រាយនៅក្នុងសាលាខេត្ត ដែលមានលោក ចុង ផែត អភិបាលរងខេត្តនិងជាតំណាង ឯកឧត្តម គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ  ចេញមកសម្របសម្រួល​ដោះស្រាយ ហើយសន្យាថានិងចុះទៅដោះស្រាយជូនប្រជាពលរដ្ឋ នៅកន្លែងដីមានទំនាស់ក្នុងអំឡុង២សប្តាហ៍ខែវិច្ឆិកា ខាងមុខនេះ។

លោកអភិបាលរងខេត្តលើកទៀតថា ការខកខានមិនបានដោះស្រាយជូនប្រជាពលរដ្ឋគឺដោយសារអាជ្ញាធរខេត្តមានកិច្ចការងារសំខាន់ៗត្រូវធ្វើនោះសិន ទើបធ្វើឱ្យយឺតយ៉ាវ ។ ការសន្យារបស់អភិបាលរងខេត្តបែបនោះទើបធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនធំបានដកថយទៅផ្ទះវិញរៀងខ្លួនៗ ។ ចំណែកប្រជាពលរដ្ឋមួយក្រុមទៀតមិនទាន់ត្រឡប់ទៅវិញនោះទេ ដោយរង់ចាំទាមទារតវ៉ានៅខាងមុខសាលាដំបូងខេត្តវិញម្តង ដោយសារតែទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ មួយក្រុមនោះស្ថិតនៅក្នុងដៃតុលាការជាអ្នកមានសិទ្ធិសម្រេចដោះស្រាយ ។

ប្រជាពលរដ្ឋដែលមកទាមទារតវ៉ាឱ្យអភិបាលខេត្តបន្ទាយមានជ័យជួយអន្តរគមន៍ដោះ ស្រាយបញ្ហាទំនាស់ដីធ្លីគឺមកពីស្រុកថ្មពួក មានចំនួន២ឃុំ គឺឃ្មុំថ្មពួក និងឃុំភូមិថ្មី សរុបចំនួន១៧០គ្រួសារ  និងមកពីស្រុកអូរជ្រៅ មានចំនួន២ឃុំគឺឃុំអូរបីជាន់ និងឃុំសឹង្ហ សរុបចំនួន២៩៦គ្រួសារ ។ ប្រជាពលរដ្ឋមកទាមទាតវ៉ារកដំណោះស្រាយបញ្ហាទំនាស់ដីធ្លីខាងលើនោះដែរ ត្រូវគេនិយាយថាមានប្រជាពលរដ្ឋខ្លះទំនាស់ដីធ្លី ជាមួយ ក្រុមហ៊ុន បញ្ហាជាមួយ ឧកញ្ញ៉ាឈ្មួញនាយទុន និងបញ្ហាទំនាស់ ដីគំរបព្រៃឈើរក្សាទុករបស់រដ្ឋ ។

បញ្ហាទំនាស់ដីធ្លីនោះដែរ មានប្រជាពលរដ្ឋមួយក្រុមមាន៥១គ្រួសារនៅស្រុកថ្មពួកមិនត្រូវបានអាជ្ញាធរខេត្តធ្វើការដោះស្រាយជូនបាននោះទេ ដោយដីទំនាស់របស់ពួកគាត់ស្ថិតក្នុងដៃតុលាការ គឺមានតែតុលាការទេដែលមានសិទ្ធិសម្រេចដោះស្រាយ ហើយប្រជាពលរដ្ឋមួយក្រុមនោះនៅរសៀលថ្ងៃទី៣ ខែវិច្ឆិកានេះដែរ គ្រោងនិងធ្វើការតវ៉ានៅខាងមុខសាលាដំបូងខេត្តបន្ទាយមានជ័យបន្ថែមទៀត ៕

IMG_6833 IMG_6838 IMG_6839 IMG_6840 IMG_6830

...

ដោយ៖ សំវិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print