វិភាគអន្តរជាតិ ៖ បារាំង៖ បើមិននិយាយគ្នាត្រង់ៗ មិនអាចស្វែងរកដំណោះស្រាយឃើញឡើយ

ចែករំលែក៖

ពាក់ព័ន្ធនឹងការចោទប្រកាន់ជុំវិញ កម្មវិធីមីស៊ីលនិង នុយក្លែអ៊ែរ អីុរ៉ង់ រវាងប្រទេសលោកខាងលិច ដែលមាន អាមេរិក និងប្រទេសអីុរ៉ង់ មិនអាចស្វែងរកដំណោះស្រាយឃើញឡើយប្រសិនបើ មិនអង្គុយពិភាក្សាគ្នាត្រង់ទៅត្រង់មក ហើយចេះតែចោទប្រកាន់គ្នានោះទេ។

ពាក់ព័ន្ធនឹងស្ថានភាពខាងលើរដ្ឋមន្រ្តីការបរទេសបារាំង បានបំពេញទស្សនកិច្ច នៅអីុរ៉ង់ និងជួបចរចាជាមួយប្រធានាធិបតីអុីរ៉ង់ និងថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសនេះ។ ទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសបារាំង នៅអ៊ីរ៉ង់លើកនេះ គឺផ្តោតសំខាន់លើសំណុំរឿងអាទិភាពចំនួនពីរ គឺវិបត្តិស៊ីរី និង សំណុំរឿងនុយក្លេអ៊ែរ ហើយនិងមីស៊ីលប៉ាឡេស្ទីនរបស់អុីរ៉ង់។ ភាគីបារាំង ចង់ឲ្យអុីរ៉ង់និយាយដោយស្មោះត្រង់។ តែនេះគឺ ជារឿងដ៏លំបាក ដ្បិតថា ប្រធានាធិបតីអុីរ៉ង់ អះអាងថាមិនចង់និយាយចរចាអ្វីច្រើនទៀតទេ ចំពោះរឿងរ៉ាវអាវុធរបស់ខ្លួន។

រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Dian បានចេញមុខទៅចរចាជា មួយអុីរ៉ង់ ចំពោះសំណុំរឿងនុយ​ក្លែអ៊ែរ និងមីស៊ីលបា៉លីស្ទិក ក៏ព្រោះថា អាមេរិក ដែលជាគូសត្រូវរបស់អុីរ៉ង់ បានព្រមានដកខ្លួនដើរចេញពីកិច្ចព្រមព្រៀងនុយក្លែអ៊ែរអុីរ៉ង់ ដែលអុីរ៉ង់ធ្វើជាមួយប្រទេសមហា អំណាចទាំង៥ កាលពីឆ្នាំ២០១៥។

ប្រទេសអឺរ៉ុប ទាំងបី គឺបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលជាប្រទេសបានចុះកិច្ច ព្រមព្រៀង បរមាណូជាមួយអីុរ៉ង់ (៥+១ និងអីុរ៉ង់)បានប្រឆាំងនឹង ការទាមទារបស់អាមេរិកនៅក្នុងការកែប្រែកិច្ចព្រមព្រៀងទាំងនោះ ដោយអឺរ៉ុបយល់ឃើញថា អីុរ៉ង់ មិនបានបំពានកិច្ចព្រមព្រៀងនោះឡើយ។

នៅពេលនេះដែរ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទុកពេលឲ្យប្រទេស មហាអំណាចនៅអឺរ៉ុប ដោះស្រាយរឿងនេះ ជាមួយអុីរ៉ង់ ឲ្យបានមុនថ្ងៃទី១២ខែមេសា ។ បើមិនដាច់ស្រេចទេ អាមេរិកនឹងរឹតបន្តឹង​ទណ្ឌកម្មថ្មីបន្ថែមទៀតលើអុីរ៉ង់។ ដូច្នេះ ហើយ បារាំងត្រូវចេញមុខដើរតួនាទីខ្លាំង ដ្បិតថា មហាអំណាចពីរទៀត ដូចជាអង់ គ្លេស កំពុងវីវក់ដោះស្រាយរឿងដើរចេញពីសហភាពអឺរ៉ុប ហើយអាល្លឺម៉ង់ កំពុង​ជាប់គាំងរដ្ឋាភិបាល បង្កើតរដ្ឋាភិបាលចម្រុះមិនទាន់រួចនៅឡើយ។

ចំពោះនយោបាយការទូតបារាំង!បារាំងបានឲ្យតម្លៃនិងទទួលស្គាល់ឥទ្ធិពលអុីរ៉ង់ ថាមានភាពសំខាន់ចាំបាច់។ សំខាន់ដោយ សារបារាំងយល់ថា សំណុំរឿងអភិវឌ្ឍន៍ នុយក្លែអ៊ែរអុីរ៉ង់ គឺប៉ះពាល់ដល់ស្ថិរភាព ក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។ មិនតែ ប៉ុណ្ណោះ បារាំងចង់បានការពន្យល់បំភ្លឺច្បាស់លាស់ ចំពោះបញ្ហាគម្រោងអភិវឌ្ឍន៍មីស៊ីលប៉ាលីស្ទីករបស់អុីរ៉ង់។ បារាំងព្រួយបារម្ភ ខ្លាំង ព្រោះថាបើតាមលទ្ធភាពអុីរ៉ង់សព្វថ្ងៃ អុីរ៉ង់អាចបាញ់មីស៊ីល រយៈចម្ងាយឆ្ងាយ ដល់ទៅ២ពាន់គីឡូម៉ែត្រ គឺអាចបាញ់កម្ទេចដល់ទឹកដីអុីស្រាអែល ដែលជាសម្ពន្ធមិត្តចាក់ទឹកមិនលិចរបស់អាមេរិក។

ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងតេអេ រ៉ង់លើកនេះដែរ ប្រមុខការទូតបារាំង ក៏ចង់ឲ្យអុីរ៉ង់ ដាក់សម្ពាធ ឬជួយសម្រុះ សម្រួល ក្នុងសង្គ្រាមនៅស៊ីរី។ ពិសេសគឺត្រូវរកមធ្យោបាយបញ្ឈប់របបដឹកនាំស៊ីរី របស់ លោកBashar al-Assad កុំឲ្យវាយ ប្រហារទៅលើតំបន់ Ghouta និងជួយពលរដ្ឋស៊ីវិល៤០ម៉ឺននាក់ឲ្យទទួលបានជំនួយមនុស្សធម៌។
ពាក់ព័ន្ធនឹងមីស៊ីល អីុរ៉ង់បានប្រកាស ថា បើប្រទេសលោកខាងលិច ព្រមបំផ្លាញ ចោល អីុរ៉ង់ក៏នឹងបំផ្លាញមីស៊ីលរបស់ខ្លួន ផងដែរ។ តាមរយៈអ្នកនាំពាក្យរបស់ទី បញ្ជាការកងទ័ព អុីរ៉ង់ បានបញ្ជាក់ថា ការ ចរចា ដែលទាមទារឲ្យអុីរ៉ង់ លះបង់ចោល កម្មវិធីផលិតមីស៊ីល អាចធ្វើទៅបាន ដរាប ណា ក្រុមប្រទេសលោកខាងលិចសុខចិត្តយល់ព្រមបំផ្លាញ ចោលមីស៊ីល និងអាវុធ នុយក្លេអ៊ែរ របស់ខ្លួនជាមុនសិន។ ការដាក់ លក្ខខណ្ឌ របស់អុីរ៉ង់ ធ្វើឡើងនៅពីរថ្ងៃមុនទស្សនកិច្ចរបស់ប្រមុខការបរទេសបារាំង ។

នៅពីរថ្ងៃមុនប្រមុខការបរទេសបារាំងដាក់ជើងជាន់ដី អុីរ៉ង់ ទីប្រឹក្សាការបរទេស របស់ប្រមុខដឹកនាំសាសនាអុីរ៉ង់ បានបញ្ចេញ សារព្រមានរួចជាស្រេច។ លោកអាលី អាក់បា វ៉េឡាយ៉ាទី ដែលត្រូវជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសបារាំង បានរិះ គន់ជំហររបស់ លោករដ្ឋមន្រ្តីការបរទេស បារាំង ហ្សង់អុីវ ឡឺឌ្រីយ៉ង់ ដែល កាលពី ខែមករា ធ្លាប់បាននិយាយថា ដើម្បីអាច ត្រលប់មកចូលក្នុងគ្រួសារជាតិឡើងវិញ អុីរ៉ង់ត្រូវពិចារណាឡើងវិញពីកម្មវិធីផលិត មីស៊ីលហើយនិងទង្វើលូកដៃរបស់ខ្លួនទៅ ក្នុងសង្រ្គាម នៅតំបន់មជ្ឈិមបូព៌ា។

សម្រាប់មន្រ្តីជាន់ខ្ពស់អុីរ៉ង់ កម្មវិធីមីស៊ីលរបស់អុីរ៉ង់មិនមែនជាកង្វល់ ជារឿង ដែល ប្រទេសដទៃ ដូចជាបារាំង ត្រូវមកនិយាយ ដាស់តឿន ថា ត្រូវមានមីស៊ីលប្រភេទណា​នោះទេ។ តើអុីរ៉ង់មានដែលនិយាយប្រាប់បារាំង ថា ត្រូវមានសព្វាវុធការពារខ្លួនយ៉ាងម៉េចទេ? ទីប្រឹក្សាកិច្ចការបរទេសរបស់ ប្រមុខដឹកនាំសាសនាអាលី ខាមេណី បាន និយាយចំអក​យ៉ាងដូច្នេះ មុននឹងអំពាវនាវ ទៅរដ្ឋមន្រ្តីការបរទេសបារាំង ឲ្យជៀសវាង មិននិយាយសំណុំរឿងដែលតានតឹង បើ សិនជាបារាំង ចង់ពង្រឹងទំនាក់ទំនងល្អជាមួយអុីរ៉ង់។

រដ្ឋបាលលោកដូណាល់ ត្រាំ ធ្លាប់បានគំរាមដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរជាតិនុយក្លេអ៊ែរ អុីរ៉ង់ បើសិនជាក្រុមប្រទេសអឺរ៉ុបដែលជាហត្ថលេខីដូចជា បារាំង អង់គ្លេស និងអាល្លឺម៉ង់ជាដើម បរាជ័យ មិនអាច បញ្ចុះបញ្ចូលឲ្យអុីរ៉ង់ លះបង់ចោលកម្មវិធី មីស៊ីល និងមហិច្ឆតានុយក្លេអ៊ែរយោធា។ លោកដូណាល់ ត្រាំ ចង់ឲ្យគេសើរើ កែ ប្រែមាត្រាមួយចំនួន នៅក្នុងកិច្ចព្រមព្រៀង ដែលលោកវាយតម្លៃថា ធូររលុង និងទុក ឱកាសឲ្យអុីរ៉ង់មានសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ។

កិច្ចព្រមព្រៀងនុយ ក្លេអ៊ែរ អាមេរិក ជាមួយសហគមន៍អន្តរជាតិបានដកទណ្ឌកម្មសេដ្ឋកិច្ចពីអុីរ៉ង់ ជាថ្នូរនឹងការបញ្ឈប់កម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់អុីរ៉ង់។ ប៉ុន្តែ យ៉ាងណាក៏ដោយ អាមេ រិកនៅបន្តរក្សា ទណ្ឌកម្មសេដ្ឋកិច្ចលើអុីរ៉ង់ ក្នុងរឿងមីស៊ីលអុីរ៉ង់ដែលអាមេរិកចាត់ទុកថា ជាគ្រោះថ្នាក់សម្រាប់សម្ពន្ធមិត្តរបស់អាមេរិក ដូចជាអុីស្រាអែលជាដើម៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print