ខេត្តត្បូងឃ្មុំ៖ នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោកឧត្ដមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨ មីនា ២០១៨ ក្រោមប្រធានបទស្តីពី “ស្ត្រីរួមគា្នរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ”។ នាឱកាសនេះ មានការអញ្ជើញចូលរួមពីសំណាក់ អស់លោក លោកស្រី ជានាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ និងនាយទាហាននៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ កងរាជអាវុធហត្ថតែងតែប្រារព្ធពិធីនេះ ដើម្បីជាការចូលរួមចំណែកអបអរសាទរទិវាជាប្រវត្តិសាស្ត្ររបស់នារីទូទាំងសកលលោក ក៏ដូចជានារីទូទាំងប្រទេសកម្ពុជា ហើយដោយឡែកនាពេលនេះ នារីនៅក្នុងកងរាជអាវុធហត្ថ ក៏កំពុងមានក្តីសោមនស្សរីករាយអបអរសាទរទិវានេះផងដែរ។
ក្នុងឱកាសនោះ លោកមេបញ្ជាការរងបានពាំនាំនូវការឧបត្ថម្ភពីសំណាក់លោកឧត្តមសេនីយ៍មេបញ្ជាការឧបត្ថម្ភជូនដល់អាវុធហត្ថនារី និងនារីជាគ្រួសារអាវុធហត្ថ ដែលស្នាក់នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដោយក្នុងម្នាក់ៗទទួលបានអង្ករមួយបាវ ទឹកក្រូចមួយកេស ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ក្នុងមួយមុខមួយយួរ និងថវិកាចំនួន ១០ម៉ឹនរៀលផងដែរ៕
ដោយ៖ វណ្ណះ