ភ្នំពេញ៖ ការប្រកួតវគ្គជម្រុះនៃពានរង្វាន់ Tiger Street Football Festival 2018 នៅមណ្ឌលរាជធានីភ្នំពេញមានរហូតដល់ទៅ ១១៦ក្រុមដែលបានដាក់ពាក្យចូលរួមនេះ បានបើកការប្រកួតជាផ្លូវការណ៍ហើយនាព្រឹកថ្ងៃទី៧ ខែមីនានេះ នៅបវិវេណសួនច្បារមុខសាលមហោស្រពកោះពេជ្រ។
ថ្លែងក្នុងពិធីបើក លោក ទុយ វិច្ឆិកា តំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ថា នេះគឺជាលើកទី៦ហើយដែលក្រុមហ៊ុនស្រាបៀរថៃហ្គ័របានរៀបចំកម្មវិធីដ៏អស្ចារ្យក្នុងការផ្តល់ឱកាសដល់ប្អូនៗយុវជនដែលស្រលាញ់កីឡាបាល់បញ្ចេញសមត្ថភាព ប្រកួតប្រជែងដណ្តើមពាន់រង្វាន់។ ហើយជាធម្មតាការប្រកួតតែងតែចង់ទទួលបានជ័យជម្នះ ប៉ុន្តែយ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់លើកការគោរពវិន័យ ហើយសង្ឃឹមថាប្រកាន់ភ្ជាប់នូវស្មារតីកីឡា លេងដោយ Fair Play គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី។
ទន្ទឹមនឹងនោះផងដែរ លោក Moon Yoo នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានមានប្រសាសន៍ថា Tiger Street Football Festival ២០១៨ បានវិលត្រឡប់មកវិញហើយ មិនតែប៉ុណ្ណោះព្រឹត្តិការណ៍កាន់តែធំជាងមុន និងមានមណ្ឌលប្រកួតរហូតដល់៨ទីតាំង ក្រុមចូលរួមប្រកួតដល់ទៅជាង៥០០ក្រុម កីឡាករសរុបជាង ៣៥០០នាក់ និងមានប្រាក់រង្វាន់ដ៏ច្រើនសរុប ៥០.០០០ដុល្លារ។ មិនតែប៉ុណ្ណោះក្រុមដែលប្រជែងបានកៅអីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ និងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ។ សូមកីឡាករទាំងបញ្ចេញសមត្ថភាពឲ្យអស់នៅលើទីលានថៃហ្គ័រនេះ។
គួរបញ្ជាក់ថា នៅមណ្ឌលរាជធានីភ្នំពេញដែលជាមណ្ឌលចុងក្រោយនេះ គណៈកម្មាធិការយក១២ក្រុមដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ១០ និង ១១ ខែមីនា ឆ្នាំ២០១៨នេះ៕ ដោយ វឌ្ឍនា