ភ្នំពេញ៖ បុរសម្នាក់មានមុខរបរជាជាងដែក តួនាទីអ្នកមើលការខុសត្រូវក្នុងរោងចក្រសិប្បកម្មផលិតដែកគោល មួយកន្លែង ស្ថិតនៅភូមិខ្វារ ខាងលិច សង្កាត់ដង្កោ ខណ្ឌដង្កោ ខ្វះតែមួយខែទៀតចូលរោងការហើយ ជាគ្រោះអកុសលត្រូវបានខ្សែភ្លើងឆក់ពេលកំពុងស្វាតម៉ាសីុនផលិតដែកគោល បណ្តាលអោយស្លាប់បាត់បង់ជីវិតពេលកំពុងដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ កាលពីវេលាម៉ោង ១០ នឹង ៥០ នាទី ព្រឹកថ្ងៃទី ០៣ ខែ វិច្ចិកា ឆ្នាំ ២០១៥ ។
បើតាមសាក្សីដែលជាអ្នកនៅកន្លែងកើតហេតុបានអោយដឹងថា បុរសដែលស្លាប់ក្នុងហេតុការណ៍ឆក់ខ្សែភ្លើងខាងលើនេះមានឈ្មោះ ហ៊ុយ សុខគង់ អាយុ២៤ឆ្នាំ មានមុខរបរជាជាងដែក ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិ ត្រពាំងថ្ម ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ប្រភពដដែរបន្តថា មុនមានការភ្ញាក់ផ្អើលគឺជនរង់គ្រោះបានមកធ្វើការធម្មតាដូចសព្វថ្ងៃ ប៉ុន្តែពេលដល់ម៉ោងប្រហែលជាង១០ព្រឹក ស្រាប់តែម៉ាសីុនផលិតដែកគោលខូច ដោយសារដាច់ខ្ចៅធ្លាក់ចូលក្នុងម៉ាសីុន ពេលនោះជនរង់គ្រោះបានយកម៉ាសីុនស្វាត មកស្វាតដើម្បីយកខ្ចៅចេញពីម៉ាសីុនផលិតដែកគោល ប៉ុន្តែអកុសល មិនដឹងមកអ្វីនោះទេស្រាប់តែជនរង់គ្រោះដួលសន្លប់ក្បែរម៉ាសីុនភ្លាមៗតែម្តង។ បន្ទាប់មានជនរងគ្រោះដួល ក៏មានបុរសម្នាក់ទៀតជាជាងបម្រើការងារជាមួយគ្នា ឃើញឈ្មោះ ហ៊ុយ សុខគង់ដួលបែបនេះស្ទុះរត់ទៅលើកហើយធ្វើចលនា រួចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ តែអកុសលជនរង់គ្រោះបានដាច់ខ្យល់ស្លាប់ពាក់កណ្តាលផ្លូវបាត់ទៅហើយ ។
ប្រភពពីសមត្ថកិច្ចដែលបានមកធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសពជនរងគ្រោះខាងលើបានប្រាប់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ ព្រោះនៅពេញខ្លួនប្រាណរបស់សពមានស្នាមជាំខ្មៅតែម្តង ។ សមត្ថកិច្ចបន្តថាក្រោយពិនិត្យរួចសមត្ថកិច្ចក៏បានប្រគល់សពអោយគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ។
សាច់ញាតិជនរងគ្រោះដែលស្រែកត្រហោយំ នៅក្នុងមន្ទីរពេទ្យបង្អែកខណ្ឌដង្កោបានរៀបរាប់ថា មិនគួរណាឈ្មោះ ហ៊ុយ សុខគង់ មានអាយុខ្លីបែបនេះទេ ព្រោះរូបគេទើបភ្ជាប់ពាក្យហើយថ្មី ខ្វះតែមួយខែទៀតប៉ុណ្តោះគេចូលរោងការហើយ ហេតុអ្វីក៏អយុត្តិធម៌ម្លេះ ធ្វើឲ្យនារីជាគូរដណ្ដឹងយំសោកបោកខ្លួនព្រោះស្រណោះស្ដាយ ៕
...
ដោយ៖ ជីម ភារ៉ា