ខេត្តបន្ទាយមានជ័យ៖ រថយន្តដឹកដី១គ្រឿងបានបង្កគ្រោះថ្នាក់ចរាចរណ៍បើកដាច់ហ្វ្រាំងក្នុងល្បឿនលឿននៅកន្លែងទីប្រជុំជន ហើយបានបុករះរថយន្តកាមរីតាកស៊ី១គ្រឿងដឹកមនុស្ស៤នាក់ បណ្តាលឱ្យរងរបួសស្ត្រីមានផ្ទៃពោះម្នាក់យ៉ាងដំណំ រថយន្តដឹកដីបន្តបុកម៉ូតចតចោល១គ្រឿង និង ទៅបុកតូបកាត់សក់នៅក្បែរនោះមួយកន្លែងទើបអស់ខ្យល់ទៅមុខលែងរួច ។
ក្នុងហេតុការណ៍ នោះដែរគេឃើញម្តាយ និងកូនស្រីមានគ្នា២នាក់ឈរក្បែរម៉ូតូ១គ្រឿងបាននាំគ្នារត់គេចខ្លួនទាន់ពេលវេលា។ បើមិនគេចខ្លួនទាន់ គេមិនដឹងម្តាយនិងកូនស្រីតូច២នាក់នោះមានវាសនាយ៉ាងណានោះទេ ។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចភ្លើងស្តុបទីប្រជុំជន មនុស្សកកកុញធ្វើដំណើរ ក្នុង ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
អ្នកបើករថយន្តដឹកដី ឈ្មោះ ម៉ុល ពិសិដ្ឋភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ទទួលរងបួសត្រូវដៃស្រាល ក្រោយពីបង្កហេតុបម្រុងរត់គេចខ្លួន ក៏ប៉ុន្តែត្រូវបានសមត្ថកិច្ចឈរជើងនៅក្បែរនោះចាប់ឃាត់ ខ្លួនបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីទុកចាត់ការតាមផ្លូវច្បាប់។
បើតាមប្រភពព័ត៌មានពីសាក្សីឃើញហេតុការណ៍ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកដីបង្កបានបើកយ៉ាងលឿនក្នុងទិសដៅពីជើងមកត្បូង បើកចេញពីកន្លែង កាយភ្នំនៅភ្នំកងវ៉ា ។ លុះបើកមកដល់ចំណុចកើតហេតុភ្លើងស្តុប ស្រាប់តែរថយន្តមិនដឹងមានបញ្ហាអ្វីនោះទេ បានបើកយ៉ាងលឿនជ្រុលកាត់ភ្លើងស្តុបពណ៌ក្រហម ទន្ទឹមនោះមានរថយន្តកាមរី១តាក់ស៊ី១គ្រឿងដឹកអ្នកធ្វើដំណើរ៤នាក់ ចេញពីខេត្តសៀមរាបទៅក្រុងប៉ោយប៉ែត បានបើកឆ្លងកាត់ភ្លើងស្តុបបានមកដល់ ស្រាប់តែរថយន្តដឹកដីបុកត្រូវចំពីចំហៀងផ្នែកខាងស្តាំ បណ្តាលឱ្យរថយន្តកាមរីវិលប្រហែល៣ទៅ៥ជុំ ហើយរថយន្តកាមរីខ្ទាតមលើចិញ្ចើមថ្នល់ ខាងមុខតូបកាត់ សក់។ នៅពេលនោះរថយន្តដឹកដីក៏បានបន្តទៅបុកម៉ូតូ១វីវ៉ា១គ្រឿងចតខាងមុខតូបកាត់សក់ ហើយរថយន្តដឹកដីក៏ជ្រុលទៅបុកតូបកាត់សក់បង្កឱ្យខូចខាតអីវ៉ានសម្ភារៈក្នុងតូចមួយចំនួន ធំ ទើបរថយន្តអស់ខ្យល់ទៅមុខលែងរួច។
ក្នុងហេតុការណ៍នោះ គេឃើញអ្នកជិះក្នុងរថយន្តកាមរី ៤នាក់មានតែស្ត្រីផ្ទៃពោះ៤ខែម្នាក់មិនស្គាល់អត្តសញ្ញាណបានទទួលរងរបួសយ៉ាងដំណំត្រូវបាន នគរបាលចរាចរខេត្តដឹកតាមរថយន្តទៅកាន់មន្ទីរពេទ្យ ចំណែកអ្នកផ្សេងទៀតគេចផុតពីគ្រោះថ្នាក់។ រថយន្តដឹកដីខូចខាតផ្នែកខាងមុខធ្ងន់ រថយន្តកាមរី និងម៉ូតូខូចខាតធ្ងន់ ចំណែក តូបកាត់សក់រង់ការខូចខាតធ្ងន់ធ្ងរ រួមនិងម្ភារៈមួយចំនួនធំផងដែរ។ អ្នកបើករថយន្តដឹកដីឈ្មោះ ម៉ុល ពិសិដ្ឋ ប្រាប់ឱ្យដឹងថា រថយន្តរបស់ខ្លួនមានបញ្ហាចាប់ហ្វាំង មិនជាប់ ហើយខ្លួនគេក៏សម្រេចចិត្តបើកបុកតូបកាត់សក់តែម្តង ។
សូមបញ្ជាក់ថា បញ្ហារថយន្តដឹកដីមិនមែនជាលើកទី១ នោះទេ ដែលបង្កការគ្រោះថ្នាក់ ចរាចរណ៍ធ្វើប៉ះពាល់ដល់ទ្រព្យសម្បត្តិនិងអាយុជីវិតប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ម្សិលមិញ រថយន្តដឹកដី១គ្រឿងដឹកផ្ទុកដីពេញប្រៀបបានបើកយ៉ាងលឿនដល់ចំណុចផ្លូវ កាច់ជាបីស្ថិតនៅចំណុចផ្សារទឹកថ្លា ក្រុងសិរីសោភ័ណ បានក្រឡាប់ចាក់ដីពេញថ្នល់ជាតិលេខ៥ ហើយបង្កឱ្យប៉ះពាល់ដល់អ្នកជិះម៉ូតូ១គ្រឿងទទួលរងរបួសយ៉ាងដំណំទៀតផង។
បញ្ហារថយន្ត ដឹកដីបង្កការគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់គ្រាដែលគេសង្កេតឃើញរថយន្តដឹកដីក្នុងមួយថ្ងៃៗរាប់សិបគ្រឿងបានធ្វើសកម្មភាពដឹកជញ្ជូនដីយ៉ាង យ៉ាងលឿនក្នុងទីប្រជុំជន ក្នុងក្រុងសិរីសោភ័ណដោយ បើកមិនគោរពច្បាប់ចរាចរណ៍ ហើយតែងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋស្លូតត្រង់ជាបន្តបន្ទាប់។
បញ្ហារថយន្តដឹកដីបើកលឿនក្នុងទីប្រជុំជនក៏បានរងការរិះគន់ពី ប្រជាពលរដ្ឋទៀតផង។ បញ្ហានេះប្រជាពលរដ្ឋសំណូមពរឱ្យសមត្ថកិច្ចនិងអាជ្ញាធរត្រូវចាត់វិធានការទៅលើរថយន្តដឹកដីឱ្យមានប្រសិទ្ធភាព។ បើនៅតែបណ្តែតបន្តោយដូច្នេះទៀតថ្ងៃក្រោយគេមិនដឹងថារថយន្តដឹកដីទាំងនោះនិងបង្កគ្រោះថ្នាក់ដល់អាយុជីវិប្រជា ពលរដ្ឋកាន់តែធ្ងន់ជាងនេះតទៅទៀតថែមទៀតយ៉ាងណានោះទេ ៕
ដោយ៖ សំ វិច្ឆិកា