ក្រោយមានការវិវាទជាច្រើននាពេលកន្លងមក នៅពេលនេះប្រធានាធិបតីអាមេរិកដូណាលត្រាំ បានចុះហត្ថលេខាលើច្បាប់ តម្លើងពន្ធដែកថែប និង អាលុយមីញ៉ូម ជាផ្លូវការ លើកលែងតែប្រទេសមិស៊ីកូ និង កាណាដា ។
ច្បាប់ខាងលើនឹងមានប្រសិទ្ធិភាព ក្នុងរយៈ១៥ថ្ងៃ ខាងមុខ ។
ប្រធានាធិបតីអាមេរិកដូណាលត្រាំ បានប្រកាសថា «វិស័យឧស្សាហកម្មដែកថែប និងអាលុយមីញ៉ូមរបស់អាមេរិកខ្លាំង គឺជាចំណុចសំខាន់បំផុត សម្រាប់សន្តិសុខ សេដ្ឋកិច្ចជាតិអាមេរិក ។ យើងគ្មានដែកថែប យើងមិនមានប្រទេសឡើយ»។
ការលើកឡើង ពន្ធ ដល់ប្រទេសកាណាដា និងមិចស៊ីកូ គ្រាន់តែជាបណ្តោះអាសន្នប៉ុណ្ណោះ អាមេរិកអាចនឹងផ្លាសប្តូរវិញអាស្រ័យទៅលើប្រទេសទាំងពីរ។
សកម្មភាពរបស់លោកត្រាំ បង្កឲ្យមានវិវាទយ៉ាងខ្លាំង រវាងរដ្ឋាភិបាលនិងគណបក្សសាធារណរដ្ឋ ក្នុងនោះមានសមាជិករដ្ឋសភា ១០៧រូប បានចុះហត្ថលេខាលើលិខិតមួយច្បាប់ប្រឆាំងនិងការសម្រេចរបស់លោកត្រាំ ។ កន្លងមក ប្រធានគណកម្មការសេដ្ឋកិច្ចជាតិលោក Gary Cohn និងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកត្រាំបានលាលែងពីតំណែងដោយសារតែវិវាទ នៅក្នុងការតម្លើងពន្ធខាងលើ។
យោងតាមបញ្ជាថ្មីនេះ សហរដ្ឋអាមេរិកនឹងតម្លើងពន្ធ ២៥ភាគរយ លើការនាំចូលដែកថែប និង ១០ភាគរយ លើអាលុយមីញ៉ូម ខណៈកាណាដា និងមិចស៊ីកូ ត្រូវបានលើកលែងពីគោលនយោបាយនេះ តាមការតម្រូវដោយកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាមេរិកខាងជើង ឬហៅកាត់ថា NAFTA។ ជាមួយគ្នានោះដែរ ថ្លែងនៅឯពិធីចុះហត្ថលេខា កាលពីថ្ងៃព្រហស្បតិ៍នៅឯសេតវិមាន លោក ដូណាល់ ត្រាំ បានិយាយថា លោកនឹងធ្វើការចរចាឡើងវិញនូវ កិច្ចព្រមព្រៀង NAFTA ហើយថាអ្វីដែល ធ្វើនៅពេលនេះអាច នឹងធ្វើឱ្យសហរដ្ឋអាមេរិកដឹងច្បាស់ពីមិត្តពិតប្រាកដ និងដើម្បីការពារសន្តិសុខជាតិអាមេរិក។
គួរបញ្ជាក់ថា ការតម្លើងពន្ធលើដែកថែប និងអាលុយមីញ៉ូម នឹងចូលជាធរមានក្នុងរយៈពេល ១៥ថ្ងៃ រាប់ពីថ្ងៃចុះហត្ថលេខា ប៉ុន្តែចិន និងបណ្ដាប្រទេសមួយចំនួន ដែលពឹងផ្អែកលើទីផ្សារអាមេរិក សន្យាថា នឹងចាត់វិធានការឆ្លើយតប បើសិនជាការ តម្លើងពន្ធនេះប៉ះពាល់ដល់ពាណិជ្ជកម្មរបស់ពួកគេ។
ក្រុមអ្នកឯកទេសសេដ្ឋកិច្ចបានលើកឡើងថា សកម្មភាពខាងលើរបស់លោកត្រាំ និងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចពិភពលោក ប្រឈមនិងគ្រោះថ្នាក់តែប៉ុណ្ណោះ នៅពេលដែលប្រទេសផ្សេងទៀត នឹងវាយបកទៅលើអាមេរិក ជុំវិញការតម្លើងពន្ធខាងលើ ។
ប្រទេសតំបន់អឺរ៉ុបដែលជាសម្ព័ន្ធ របស់អាមេរិក ក៏ទទួលរងនៅការតម្លើងពន្ធខាងលើរបស់លោកត្រាំផងដែរ មិនតែប៉ុណ្ណោះក៏បានតម្លើងពន្ធនាំចូលរថយន្តពីអឺរ៉ុបទៀតផង។ ប្រទេសអឺរ៉ុប ក៏បានជួបពិភាក្សាគ្នា ដើម្បីវាយបកទៅលើអាមេរិកវិញ ដោយអឺរ៉ុប ក៏នឹងតម្លើងពន្ធ ផលិតផលនាំចូលពីអាមេរិក ខ្ពស់ផងដែរ។
ចំណុចទាំងនោះហើយគឺជាក្តីបារម្ភពីសង្គ្រាម ពាណិជ្ជកម្មកើតឡើង ពេលនោះប្រទេសក្រីក្រ នឹងត្រូវប្រឈមវិប្តិកាន់តែខ្លាំង បង្ករឲ្យមានគ្រោះថ្នាក់ផ្សេងៗកើតឡើង ៕
ដោយ៖ មែវ សាធី