កម្លាំងនគរបាលខេត្តធ្វើសន្និសីទកាសែត បង្ហាញមុខសញ្ញាឆបោករថយន្ត៣០គ្រឿងយកទៅលក់

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ នគរបាលខេត្តសៀមរាប បានធ្វើសន្និសីទកាសែតបង្ហាញមុខជនឆបោកម្នាក់ដែលបានជួលរថយន្តរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបយកទៅលក់អស់ជាង៣០គ្រឿង និងបានដកហូតបានរថយន្តចំនួន១០គ្រឿង។
លោកឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរងទទួលបន្ទុកកណ្តាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថា កម្លាំងនគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ទៅតាមបណ្តឹងជនរងគ្រោះករណីជួលរថយន្តរបស់បងប្អូនប្រជាពលរដ្ឋក្នុងតម្លៃខ្ពស់រួចយកទៅលក់នៅតាមបណ្តាខេត្តមួយចំនួន។ ជនសង្ស័យរូបនេះមានឈ្មោះ អៀង វាសនា ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិ ជ្រៃ ឃុំកណ្តែក ស្រុកប្រាសទបាគង ខេត្តសៀមរាប។ លោកបន្តថា បច្ចុប្បន្ននេះខាងលោកទទួលបានបណ្តឹងរបស់ជនរងគ្រោះបានចំនួន២៨នាក់ ដែលមានរថយន្តសរុបចំនួន៣១គ្រឿង។
លោកបន្តថា ជនសង្ស័យរូបនេះ បានឆបោកជនរងគ្រោះ ដោយនិយាយថា គាត់ជួលរថយន្តទាំងនេះយកទៅជួលបន្តឲ្យជនជាតិចិនក្នុង១ខែតម្លៃចាប់ពី៤០០ទៅ៦០០ ដុល្លារ។ ក្នុងនោះជនសង្ស័យបានប្រើល្បិចលើកទឹកចិត្តបង់លុយខែមុន២ រហូតមកទល់ពេលនេះកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តសៀមរាបរកឃើញរថយន្តទំនើបៗចំនួន១០គ្រឿងនិងបង្កកទុក៥គ្រឿងរង់ចាំតុលាការសម្រេច ហើយក៏និងកំពុងបន្តស្រាវជ្រាវស្វែងរកបន្ថែមទៀត។
លោកបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះការទិញឬក៏លក់ដូរផ្សេងៗក្នុងនោះត្រូវតែពិនិត្យឯកសារឲ្យបានត្រឹមត្រូវផង ចំពោះកន្លែងដែលបានទិញរបស់ចោរកម្មនោះគឺសម្រេចលើខាងតុលាការ។
បន្ទាប់ពីនគរបាលជំនាញសាកសួររួច ជនសង្ស័យបានសារភាព ពីកំហុសរបស់ខ្លួន ហើយបច្ចុប្បន្ននេះកម្លាំងនគរបាលកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅតុលាការចាត់ការតាមផ្លូវច្បាប់។
សូមរម្លឹកថា ការឃាត់ខ្លួនជនសង្ស័យរូបនេះធ្វើឡើងនៅថ្ងៃទី០៤ ខែមីនាឆ្នាំ២០១៨ស្ថិត នៅភូមិទ្សិណខាងត្បូងសង្កាត់គោកចក ក្រុងសៀមរាប បន្ទាប់ពីជនរងគ្រោះបានប្រទះឃើញរថយន្តរបស់គាត់ត្រូវបានគេដាក់ការាស់លក់នៅម្តុំផ្លូវ៦០ម៉ែត្រ។
ប្រភពមួយបានឲ្យដឹងថាជនសង្ស័យខាងលើនេះបានទិញឈ្មោះចូលធ្វើប៉េអឹមនៅខេត្តបន្ទាយមានជ័យផងដែរនុងសុំផ្ទេរមកខេត្តសៀមរាបមិនទាន់បានសម្រេ ចក៏ត្រូវបាននគរបាលចាប់បានតែម្ដង៕ប៊ុន រិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print