ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារតែរូបគេជិះម៉ូតូឃ្លីកមួយគ្រឿងក្នុងល្បឿនលឿនជ្រុលបុករថយន្ដRang Rover ដែលកំពុកបត់ឆ្លងផ្លូវពេញទំហឹង ហើយរថយន្ដបើករត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣និង១០នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្សកែងនិងផ្លូវលេខ៩៦ ស្ថិតក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ កុយ វុទ្ធី មានមុខរបរជាជាងដែក ស្នាក់នៅភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅភូមិ សំឡីខាងត្បូង ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញមានរថយន្ដមួយគ្រឿងម៉ាកRangRover ពណ៍ខ្មៅមិនចាំស្លាកលេខបានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីវង្សទិសដៅពីជើងទៅត្បូង លុះមកដល់ចំនុចកើតហេតុបានបត់ឆ្វេងបំណងចូលទៅផ្លូវលេខ៩៦ ពេលកំពង់តែបត់ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ឃ្លីក ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1AH-6394 ធ្វើដំណើរបញ្ច្រាសទិសគ្នាជិះក្នុងល្បឿនលឿនជ្រុលបុកចំពីមុខពេញទំហឹង បណ្ដាលអោយបោកជាមួយរថយន្ដស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
យោងតាមសមត្ថកិច្ចបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពី ការបើកបរលឿនហួសល្បឿនដែលច្បាប់កំណត់ទើបបណ្តាលអោយកើតហេតុយ៉ាងដូចនេះ ។ ប្រភពដដែលបានបន្តថាក្រោយកើតហេតុម្ចាស់រថយន្ដបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។
ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានទំនាក់ទំនងទៅសាច់ញាត្តិអោយមកទទួលសពជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។ ចំនែកម៉ូតូសមត្ថកិច្ចបានប្រគល់អោយសាច់ញាត្តិយកទៅផ្ទះវិញ ព្រោះភាគីម្ខាងទៀតបានរត់គេចខ្លួនបាត់ទៅហើយ ៕
ដោយ៖ ព្រែកជ័យ