ការផ្សាយព័ត៌មានពេញពិភពលោក ថា មានមនុស្សស្លាប់ ៦ នាក់ និងរបួសជាង ៤០ នាក់ ដោយការបាញ់ប្រហាររបស់អាជ្ញាធរក្នុងខេត្តក្រចេះ ដោយវិទ្យុអាសេរីព្រឹកថ្ងៃសុក្រទី ៩ មីនា ហ៊ាន បំប៉ោងរហូតដល់ថាអ្នកស្លាប់បានកើនឡើងដល់ ៨ នាក់ គឺជាការប្រឌិតព័ត៌មានដ៏អាក្រក់បំផុតក្នុង ចេតនាបង្ខូចឈ្មោះរាជរដ្ឋាភិបាល និងដុតបញ្ឆេះកំហឹងពលរដ្ឋឲ្យប្រឆាំងអាជ្ញាធរ។ ករណីនេះជា ឧទាហរណ៍ថ្មីដ៏សំខាន់មួយទៀតដែលបង្ហាញពីកង្វះវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ នៃពពួកមនុស្សបីប្រភេទ ដែលមហាជនត្រូវតែប្រុងប្រយ័ត្ន៖
ទី១៖ គឺកង្វះវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន៖ ក្នុងអាជីពជាអ្នកសារព័ត៌មានគេបង្រៀនឲ្យ អ្នកប្រកបអាជីពនេះប្រុងប្រយ័ត្នខ្លាំងណាស់ ដើម្បីកុំឲ្យព័ត៌មានរបស់ខ្លួនខុសពីព្រោះការផ្សាយ ព័ត៌មានខុស ជាពិសេសក្នុង រឿងរសើបៗអាចបង្កឲ្យមានគ្រោះថ្នាក់យ៉ាងធំធេងដល់សង្គម ឬដល់ មនុស្សដែលទទួលរងផលប៉ះពាល់។ អ៊ីចឹងហើយបានជាគេបង្រៀនអ្នកកាសែតឲ្យចេះវិធីផ្ទៀង ផ្ទាត់ព័ត៌មានតាមរយៈការសាកសួរប្រភពឲ្យបានច្រើនខុសគ្នា ហើយប្រសិនបើប្រភពនិយាយ ខុសគ្នា គេមិនអាចសន្និដ្ឋានបានឡើយថាអ្វីជាការពិតនោះ?
ប៉ុន្តែ តាមរយៈសំណុំរឿងនៅខេត្តក្រចេះ គេបានមើលឃើញយ៉ាងច្បាស់ថាសារព័ត៌មាន ដែលបម្រើនយោបាយឲ្យក្រុមប្រឆាំងខ្វះវិជ្ជាជីវៈយ៉ាងខ្លាំង។ កាសែតភ្នំពេញប៉ុស្តិ៍ ហ៊ានសរសេរ ព័ត៌មានភ្លាមៗថា មនុស្សស្លាប់ ៦ នាក់ និងរងរបួស ៤០ នាក់ដោយអាជ្ញាធរបាញ់សម្លាប់ក្នុងខេត្ត ក្រចេះ។ រឿងធំដល់ម្លឹង ភ្នំពេញប៉ុស្តិ៍ដែលជាកាសែតបរទេសមួយដែលធ្លាប់តែអួតខ្លួនថាឯករាជ្យ និងវិជ្ជាជីវៈបែរជាស្រង់សម្តីមនុស្សម្នាក់ជាមន្ត្រីអង្គការសង្គមស៊ីវិល ហើយមន្ត្រីនោះទៀតសោត មិនបានស្ថិតក្នុងហេតុការណ៍ទេ គឺគ្រាន់តែលឺគេថា ក៏ថាតាមគេប្រាប់អ្នកកាសែត? និយាយរួមទាំង អ្នកកាសែតទាំងប្រភព គឺមិនស្ថិតក្នុងហេតុការណ៍ទាំងអស់ ហើយចេះអង្គុយសរសេរបិទភ្នែកទៅ កើត? បែបនេះគេហៅថាកាសែតខ្ចប់មមិសមាន់ មិនមែនកាសែតវិជ្ជាជីវៈឡើយ។
និយាយពីអាស៊ីសេរីវិញ គ្រាន់តែឃើញភ្នំពេញប៉ុស្តិ៍ចេញភ្លាម ខ្លួនក៏ប្រញាប់បង្ហោះភ្លែតតាម វេបសាយដែរនូវព័ត៌មានដូចគ្នាបេះបិទនេះ។ មិនត្រឹមតែក្នុងវេបសាយឯណា រហូតដល់ម៉ោងផ្សាយ ព័ត៌មានពេលយប់ក៏ចេញមាតិកាដូចគ្នានឹងភ្នំពេញប៉ុស្តិ៍ដែរ ដោយគ្មានញញើតបើទោះបីជាអាជ្ញាធរ ខេត្តចេញមុខបដិសេធព្រោងព្រាតហើយក៏ដោយ។ មិនត្រឹមតែមិនយកប្រភពពីអាជ្ញាធរមកប្រើ ប៉ុណ្ណោះទេ ប៉ុន្តែអាស៊ីសេរីបែរជាចំអកឲ្យសារព័ត៌មានដែលចុះផ្សាយសេចក្តីបដិសេធរបស់អាជ្ញាធរ ថាជាសារព័ត៌មានគាំទ្ររបបដឹកនាំក្រុងភ្នំពេញ ហើយថាគេបំភ្លៃព័ត៌មានទៅវិញ។ ខ្លួននៅចម្ងាយ រាប់ម៉ឺនគីឡូម៉ែត្រពីកន្លែងកើតហេតុ ហើយហ៊ានចុះផ្សាយព័ត៌មានដ៏ធំមួយដោយគ្មានការផ្ទៀង ផ្ទាត់ទាល់តែសោះ ហើយបានធ្វើការសន្និដ្ឋានយ៉ាងច្បាស់លាស់ ដើម្បីទម្លាក់កំហុសលើគេ គឺជា កំហុសវិជ្ជាជីវៈដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចអត់ឱនបាន។ ជុន ច័ន្ទបុត្រ ដែលគេស្គាល់ថា ជាអ្នក នយោបាយគាំទ្របក្សប្រឆាំងយ៉ាងងប់ងល់តែពាក់ស្លាកកាសែត បានសម្ភាសន៍ពលរដ្ឋម្នាក់ពី រាប់ម៉ឺនគីឡូម៉ែត្រ ហើយអ្នកនិយាយប្រាប់ទៀតសោតនិយាយត្រឡប់ត្រឡិន ម្តងថាឃើញអ្នក ស្លាប់ពីរនាក់នៅនឹងមុខហើយត្រូវអាជ្ញាធរដឹកចេញទៅបាត់ ម្តងថារកឃើញសាកសពពីក្នុងព្រៃ អស់ហើយ រីឯអាជ្ញាធរក៏ដកថយអស់ហើយដែរ…។ ប៉ុន្តែបុគ្គល ជុន ច័ន្ទ្របុត្រ នេះនៅតែមិនចោល ចរិតសប្បាយចិត្តនឹងការលាបពណ៌ដល់រដ្ឋាភិបាល ហើយក៏នៅបន្តប្រើប្រាស់ប្រភពដែលគួរឲ្យ សង្ស័យនេះមកធ្វើជាប្រភពពិតរបស់ខ្លួនដើម្បីបំភាន់អ្នកស្តាប់ និងបង្ខូចឈ្មោះអាជ្ញាធររាជរដ្ឋាភិបាល យ៉ាងកំរោលបំផុត។ លើសពីនេះទៅទៀត លុះព្រឹកឡើងថ្ងៃទី ៩ មីនាទៅហើយ អាស៊ីសេរីមិនត្រឹម តែមិនយកចិត្តទុកដាក់ចំពោះការបដិសេធរបស់អាជ្ញាធរប៉ុណ្ណោះទេ គេថែមទាំងបំប៉ោងព័ត៌មាន ថា អ្នកស្លាប់កើនដល់ ៨ នាក់ហើយ? ប៉ុន្តែ សូម្បីរូបថតមួយសន្លឹកដែលបង្ហាញពីសាកសពក៏គ្មាន ដែរ? អាក្រក់ជាងនេះដើម្បីបិទបាំងការផ្សាយព័ត៌មានកុហកក្លែងក្លាយគ្មានភស្តុតាង វិទ្យុគ្មានវិជ្ជា ជីវៈមួយនេះថែមទាំងបានចោទអាជ្ញាធរថា បំផ្លាញទូរស័ព្ទអ្នកថតបានសាកសពថែមទៀត។ តើអ្នកសារព័ត៌មានអាស៊ីសេរីមានឈាមជាអ្នកអាជីពបន្តិចបន្តួចក្នុងខ្លួនដែរឬទេ ទើបហ៊ានផ្សាយ ព័ត៌មានបែបនេះកើត? តើអស់លោកដឹងទេថា ខ្លួនមានកំហុសប៉ុណ្ណា? តើពួកអស់លោកមាន វិប្បដិសារីខ្លះទេពេលធ្វើទង្វើបែបនេះ?
ទី២៖ កង្វះវិជ្ជាជីវៈរបស់អង្គការសង្គមស៊ីវិលចាយលុយជនបរទេស៖ និយាយពីក្រុមអង្គការ សង្គមស៊ីវិលមួយចំនួនជាពិសេសអង្គការដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិមនុស្សមានដូចជា អង្គការ អាដហុកនេះជាដើម ខ្លួនឯងមិននៅក្នុងហេតុការណ៍សោះ ហើយគ្រាន់តែលឺគេថា ក៏ហ៊ានហារមាត់ និយាយប្រាប់អ្នកកាសែតដែរធ្វើដូចខ្លួនឯងបានឃើញនឹងភ្នែក។ ចុះបើមិនដឹង មិនបានឃើញម្តេច មិនប្រាប់គេតាមត្រង់ទៅថា មិនបានដឹងទេ ឬមិនទាន់បានទទួលព័ត៌មានទេ។ ម្តេចក៏ចូលចិត្តចង់ល្បី នឹងរឿងមិនពិតខ្លាំងម៉្លេះ រឺមួយក៍បានបើកប្រាក់ខែពីជនបរទេស ហើយបាត់បង់អស់នូវមនសិការ ជាមនុស្ស និងឧត្តមគតិជាតិហើយបែរជាសប្បាយនៅក្នុងការអនុវត្តផែនការទុច្ចរិតបំបែកបំបាក់ ជាតិ តាមរយះយុទ្ធនាការផ្សព្វផ្សាយពត៍មានកុហកក្លែងក្លាយ Dirty Faked News Campaign ? អស់លោកឃើញទេ ព័ត៌មានមិនពិតដែលអស់លោកនិយាយចេញពីមាត់វាបង្កផលប៉ះពាល់យ៉ាង ណាដល់អ្នកដទៃ? ឬក៏នេះជាចេតនា ជាអាជីពដូរបាយរបស់អស់លោក? មិនមែនមានតែម្នាក់ នេះទេ មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនទៀតក៏ប្រញាប់ចែកចាយព័ត៌មានមិនពិតក្លែងក្លាយព្រោង ព្រាតក្នុងបណ្តាញសង្គម ដោយអ្នកខ្លះមិនត្រឹមតែចែកចាយទេ តែថែមទាំងធ្វើអត្ថាធិប្បាយខ្លួនឯង ដោយចោទអាជ្ញាធរថា បាញ់សម្លាប់ពលរដ្ឋដូចបាញ់សត្វចាប សត្វព្រាប ជាដើម។ តើឯណាទៅ មនសិការវិជ្ជាជីវៈរបស់អស់លោក? ឬមួយអស់លោកមកធ្វើការងារក្នុងអង្គការសង្គមស៊ីវិល គ្រាន់ តែបន្លំខ្លួនយកប្រាក់ខែ បោកលុយពីបរទេសមកចាយ តែតាមពិតខ្លួនជាអ្នកនយោបាយសោះ? នេះ ជាកង្វះវិជ្ជាជីវៈ និងអព្យាក្រិត្យភាពយ៉ាងធ្ងន់ធ្ងររបស់អង្គការសង្គមស៊ីវិលមួយក្តាប់តូចទាំងនោះ។
ទី៣៖ កង្វះវិជ្ជាជីវៈឬជាទម្លាប់អាក្រក់របស់អ្នកនយោបាយស្ទើរភ្លើង៖ វាពិតជាគួរឲ្យសង្វេគ និងគួរឲ្យអណោចអធម៍ណាស់នៅពេលដែលលោក សម រង្ស៊ី ស្រាប់តែចេញសាររម្លែកទុក្ខអ្នក ស្លាប់ ៦ នាក់ក្នុងព្រឹត្តការណ៍ខេត្តក្រចេះ។ តើរម្លែកទុក្ខអ្នកណាបើគ្មានមនុស្សស្លាប់ផងហ្នឹង? មិន ត្រឹមតែលោក សម រង្ស៊ី មេដឹកនាំក្រុមឧទ្ទាមតែម្នាក់ទេ ប៉ុន្តែមានគូកនរបស់ សម រង្ស៊ី ជាច្រើន ទៀត ក៏បានយកព័ត៌មានប្រឌិត កុហកក្លែងក្លាយមួយនេះទៅបំប៉ោងព្រោងព្រាតដែរ ដោយមិន ខ្វល់ពីការផ្ទៀងផ្ទាត់រកការពិតអ្វីឡើយឲ្យតែខ្លួនបានចំណេញនយោបាយ។ តើអស់លោកមាន ខ្មាសគេ ខ្មាសខ្លួនឯងបន្តិចបន្តួចដែរឬទេនៅពេលបានធ្វើទង្វើថោកទាបបែបនេះ?
ជាការពិតណាស់ នេះជាឧទាហរណ៍ជាក់ស្តែងមួយ តែវាមិនមែនជាលើកទី១ទេ ដែល ក្រុមប្រឆាំងបានចងគ្នាជាបណ្តាញ មានអ្នកនយោបាយ សង្គមស៊ីវិល និងសារព័ត៌មាន តែងតែផ្តុំគ្នា ធ្វើរឿងបែបនេះ។ ភាគច្រើននៃព័ត៌មានរបស់គេគឺ ការប្រឌិត ឬបំប៉ោង បំភ្លៃ ដើម្បីតែកេងចំណេញ នយោបាយដោយបំភ្លេចចោលទាំងស្រុងនូវមនសិការវិជ្ជាជីវៈ។ ប៉ុន្តែ ករណីជាក់ស្តែងចុងក្រោយ នេះ គឺជាការបកស្បែកមុខអ្នកនយោបាយ សង្គមស៊ីវិល និងសារព័ត៌មាន ទុច្ចរិតជាពិសេស វិទ្យុ អាស៊ីសេរី កាសែតភ្ម្នំពេញប៉ុស្ត ។ល។ ដើម្បីអោយសាធារណមតិជាតិ និងអន្តរជាតិបានឃើញ យ៉ាងច្បាស់។ និយាយតាមបែបផ្សេងគឺដោយសារតែពួកគេអស់លក្ខណ៍។ ករណីនេះទៀតសោត ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា អាចមិនមែនជាការចៃដន្យទេ តែជាការរៀបចំឈុតឆាកជា បណ្តាញដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាលដោយចេតនាតែម្តង ជាពិសេសក្នុងពេលដែលអ្នករាយ ការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា គឺលោកស្រីរ៉ូណាស្មីត កំពុងទស្សនៈកិច្ចនៅកម្ពុជា ក៏ដូចជាកៀកពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញទៅ ទស្សនៈកិច្ចនៅប្រទេសអូស្ត្រាលីផងដែរ។ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចគួរបើកការស៊ើបអង្កេតឲ្យ បានស៊ីជម្រៅអំពីរឿងនេះ។
ក្នុងករណីការបកស្បែកមុខយ៉ាងជាក់ស្តែងបំផុតចំពោះអ្នកប្រឌិតព័ត៌មានដ៏អាក្រក់នេះកំពុង ដំណើរការគេកំពុងរង់ចាំមើលថា តើអ្នកណាខ្លះហ៊ានចេញមុខទទួលខុសត្រូវ? ទាំងអ្នកសារព័ត៌មាន ទាំងអង្គការសង្គមស៊ីវិល និងអ្នកនយោបាយដូចបានលើកឡើងខាងដើម តើមានសេចក្តីក្លាហាន ទេដែលត្រូវចេញមុខទទួលខុសត្រូវចំពោះកំហុសវិជ្ជាជីវៈដ៏ធ្ងន់ធ្ងររបស់ខ្លួន? វិទ្យុអាស៊ីសេរីត្រូវ សុំទោសយ៉ាងដូចម្តេចចំពោះអ្នកស្តាប់របស់ខ្លួន? អង្គការសង្គមស៊ីវិលត្រូវធ្វើអ្វីខ្លះដើម្បីបង្ហាញពី ការទទួលខុសត្រូវរបស់ខ្លួនចំពោះករណីនេះ? ចំណែកអ្នកនយោបាយវិញ តើមានមនសិការ ខ្មាសអៀនឬទេដែលបានធ្វើអំពើគួរឲ្យសង្វេគនិងអសិលធម៍បែបនេះ?
គេមិនរំពឹងថា សារព័ត៌មានបែបអាស៊ីសេរី ~ ភ្នំពេញប៉ុស្ដ ទទួលស្គាល់កំហុសឡើយពីព្រោះ ការប្រឌិត បំភ្លៃដើម្បីបំភាន់ មិនត្រឹមតែជាជំនាញរបស់ពួកគេស្រាប់ទៅហើយប៉ុណ្ណោះទេ ប៉ុន្តែ នេះក៍ផែនការនៃយុទ្ធនាការរបស់ពួកគេក្នុងការផ្យាយពត៍មានក្លែងក្លាយ Faked News Spread ផងដែរដើម្បីបង្កអស្ថេរភាពនិងភាពវឹកវរចលាចលក្នុងសង្គមដើម្បីបង្កើតឪកាសអោយពួកប្រឆាំងនិងចៅហ្វាយនាយបរទេសអាចលូកដៃចូលមកកកូរកកាយក្នុងប្រទេសជាតិបាន។ ចំណែកអ្នក នយោបាយដូចលោក សម រង្ស៊ី នេះក៏មានជំនាញខ្ពស់ក្នុងរឿងបែបនេះស្រាប់ហើយដែរ។
ដូច្នេះមិនរំពឹងថាមនុស្សពីរជំពូកនេះចេះខ្មាសអៀនហើយទទួលកំហុសនោះឡើយ។ ប៉ុន្តែ យ៉ាងហោចណាស់ អង្គការសង្គមស៊ីវិលត្រូវលុបលាងកំហុសរបស់ខ្លួន ដោយហ៊ានទទួលស្គាល់ ការពិតថា ពិតជាគ្មានមនុស្សស្លាប់ទេក្នុងហេតុការណ៍នេះ ហើយត្រូវហ៊ានថ្កោលទោសចំពោះ អ្នកប្រឌិតព័ត៌មាន ឬហ៊ានដាក់ទោសចំពោះមន្ត្រីរបស់ខ្លួនណាដែលខ្វះវិជ្ជាជីវៈ។ កន្លងទៅគេមិន ដែលបានឃើញអង្គការសង្គមស៊ីវិលណាហ៊ានធ្វើបែបនេះទេ។ គេចាំតែចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសអាជ្ញាធររដ្ឋាភិបាលតែប៉ុណ្ណោះទោះជារឿងនោះពិតឬមិនពិតយ៉ាងណា តែបើក្រុម ផ្សេងជាគ្នាគេធ្វើខុសវីញ គឺគេនៅស្ងៀមគេធ្វើនៅបន្តអូសក្រឡាថា មិនទាន់ទទួលបានព័ត៌មាន ជាក់លាក់ ឬនៅបន្តស៊ើបអង្កេតសិន។ នេះជាទម្លាប់របស់អង្គការសង្គមស៊ីវិលដែលទទួលលុយពី ប្រទេសលោកខាងលិចហើយធ្វើសកម្មភាពនៅកម្ពុជា។ ក្នុងករណីចុងក្រោយនេះ ក៏ទំនងជាមិន ខុសគ្នាដែរ។
សរុបទៅ មហាជនកាន់តែអស់ជំនឿលើបណ្តាញផ្សាយព័ត៌មានសង្គមស៊ីវិល និងអ្នក នយោបាយគ្មានអាជីពទាំងនោះទៀតហើយ។ នេះជាទណ្ឌកម្មដែលពួកគេត្រូវទទួលក្រោមរូបភាព កម្មដែលអ្នកសាងយ៉ាងណា អ្នកត្រូវទទួលផលយ៉ាងនោះ៕ ម៉្យាងវិញទៀត កូនខ្មែរក៍សំណូមពរ ឱ្យរដ្ឋាភិបាលពិនិត្យរៀបចំច្បាប់ដើម្បីទប់ស្កាត់ប្រឆាំងនឹងពត៍មានក្លែងក្លាយ Anti-Faked News Legislation ដើម្បីធានារក្សាបាននូវស្ថេរភាពសង្គម និងការឯកភាពជាតិយូរអង្វែង៕
ដោយ កូនខ្មែរ