ភ្នំពេញ៖ អ្នករថយន្តតាក់ស៊ីុម៉ែត្របើកពេលមេឃកំពុងតែភ្លៀងឆ្លាក់ខ្លាំង មើលផ្លូវមិនឃើញបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ ធ្វើឲ្យរថយន្តខ្ទេចមួយកំណាត់មុខ ខាងឆ្វេងចំណែកអ្នកបើកបរបែកក្បាល ។
គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង០៩ និង៣០នាទីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តតាក់ស៊ីម៉ែត្រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Q-1049 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុដោយមេឃកំពុងតែធ្លាក់ភ្លៀងយ៉ាងខ្លាំងហើយមើលផ្លូវអត់ឃើញរបាំងថ្មពុះចែកផ្លូវ បណ្តាលឲ្យរថយន្តរេចង្កូតទៅបុករបាំងថ្មបាក់អស់១កង់ ចំណែករថយន្តបានដាច់កង់ខាងឆ្វេងទៅមុខលែងរួច ចំណែកអ្នកបើកបររថយន្តបោកនឹងកញ្ចក់រថយន្តរងរបួសបែកក្បាល ត្រូវបានគេនាំគ្នាយកទៅព្យាបាលរបួសនៅក្បែរកន្លែងកើតហេតុភ្លាមៗ ។
ក្រោយពេលកើតហេតុ រថយន្តបង្កត្រូវសមត្ថកិច្ចវាស់វែងស្ទូចយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយនៅពេលក្រោយ ៕
...
ដោយ៖ ស រស្មី