យប់នេះឈ្មួញឈើគ្រញូងឈ្មោះ ពៅ ត្រៀមចេញឈើ១៨តោនពីឃុំស្នាមព្រះមកកាន់រាជធានីភ្នំពេញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងតិចមានរថយន្តប្រភេទកាមរីគូថស្វិត និងកាមរីហើម ប្រមាណជា១០គ្រឿង បានរៀបចំលើកឈើគ្រញូងដាក់ នៅចំណុចផ្ទះរបស់ឈ្មួញឈើគ្រញូង (ពៅ) ស្ថិតក្នុងភូមិស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ តាមគម្រោងឈើទាំងនេះ ត្រៀមចេញមកកាន់រាជធានីភ្នំពេញ នាយប់ថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរកា​ នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ប្រហែលជា១៨តោន បន្ទាប់ពីឈ្មួញឈើគ្រញូងឈ្មោះ ពៅ នេះ បានប្រមូលយកមកទុកតាំងពីល្ងាចថ្ងៃសៅរ៍ ២ រោច ខែផល្គុន ឆ្នាំរកា ពន្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨​កន្លងទៅ ។

ប្រភពគួរឲ្យជឿទុកចិត្តបានបង្ហើបថា ឈ្មួញឈ្មោះ ពៅ បានរត់ការចាត់ចែង ឲ្យអាជ្ញាធរ សមត្ថកិច្ចជំនាញជាច្រើនស្ថាប័នរួចមកហើយ ហើយឈើទាំងនោះ នឹងដឹកចេញយប់នេះពីផ្ទះឈ្មោះ ពៅ ស្ថិតក្នុងភូមិអណ្តូងសំបួរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ប្រភពដដែលនេះបានបញ្ជាក់យ៉ាងលម្អិតថា ឈើគ្រញូងទាំងនោះមួយចំនួនធំ បានប្រមូលពីចំណុចឃុំ អូរសោង ស្រុកវាលវែងមកស្តុកទុកនៅផ្ទះរបស់ឈ្មួញឈ្មោះ ពៅ នេះកាលពីយប់ម្សិលមិញផងដែរ ។

សមត្ថកិច្ចជាច្រើនស្ថាប័ន ប៉ុន្មានថ្ងៃនេះ រួមទាំងអាជ្ញាធរផងដែរ ត្រូវបានគេទទួលស្គាល់ថា បានយកចិត្តទុកដាក់ពង្រឹងទប់ស្កាត់ ការដឹកជញ្ជួនឈើល្មើសច្បាប់ ទាំងឈើក្រហម អារប្រភេទលេខ២ ឈើធ្នង់ និងឈើរាជ្យកុល ក៏ដូចជារថយន្តយីឌុបធំៗដឹកអុសឈើស្រស់ៗនេះជាដើម ។

ស្របពេលការទប់ស្កាត់សកម្មភាពតាមឡានយីឌុប បែរជាយប់នេះ ឈ្មួញឈើគ្រញូងឈ្មោះ ពៅ រត់ការជាមួយសមត្ថកិច្ចអាជ្ញាធរជំនាញជាច្រើនស្ថាប័ន ដើម្បីនាំឈើទាំងនោះពីឃុំស្នាមព្រះ ស្រុកបាកាន ចូលមកកាន់រាជធានីភ្នំពេញ ដូច្នេះ សមត្ថកិច្ចដែលពុំទាន់បានទទួលផលប្រយោជន៍ក្នុងករណីនេះ គួរមានវិធានការតាមដានពីសកម្មភាពដែលត្រៀមនឹងដឹកឈើគ្រញូងចេញនេះ ខណៈសមត្ថកិច្ចអាជ្ញាធរ ជំនាញមួយចំនួន គាត់អាចនឹងទទួលទានដំណេកមុន ដើម្បីទុកឱកាសឲ្យឈ្មួញឈើគ្រញូងឈ្មោះ ពៅ ដឹកជញ្ជូនឈើប្រមាណជា១៨តោននេះឲ្យរលូន ប៉ុន្តែគេហ៊ានអះអាងថា ក្បួនឈើគ្រញូងរបស់ឈ្មួញឈ្មោះ ពៅ អាចនឹងចេញនាពេលបន្តិចទៀតនេះយ៉ាងយូរត្រឹមម៉ោង១០យប់ ហើយឆ្ពោះមកខេត្តកំពង់ឆ្នាំង ខណៈករណីនេះ ត្រូវបានរត់ការតាំងពីខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងសមត្ថកិច្ចមួយចំនួនទៀត​នៅរាជធានីភ្នំពេញ ៕

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print