ខេត្តកណ្តាល៖ មុខសញ្ញាចែកចាយគ្រឿងញៀន៣ នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំចាប់ខ្លួនកាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចផ្ទះជនសង្ស័យឈ្មោះ ហ៊ឹម សុវណ្ណារិទ្ធ ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន៦កញ្ចប់ ,សម្ភារៈវេចខ្ចប់ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
អធិការនគរបាលស្រុកកោះធំលោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន បានឲ្យដឹងថា មុខសញ្ញាចែកចាយគ្រឿងញៀន ទី១-ឈ្មោះ ហ៊ឹម សុវណ្ណារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាកសិករ ទី២-ឈ្មោះ អ៊ែល សាវុធ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ជាកម្មករសំណង់ និងទី៣-ឈ្មោះ សុង ភារ៉ាន់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាកសិករ ជនសង្ស័យទាំង៣នាក់មានទីលំនៅក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ។
លោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន បានបន្តថា ជនសង្ស័យខាងលើនេះជាមុខសញ្ញាដែលកម្លាំងនគរបាលជំនាញបានកំណត់ និង តាមដានជាយូរមកហើយ រហូតដល់វេលារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ សមត្ថកិច្ចនគរបាលជំនាញក្តាប់បានព័ត៌មានថា ជនសង្ស័យមានរក្សាទុកគ្រឿងញៀននៅជាប់ខ្លួន ដើម្បីចែកចាយទៅឲ្យអ្នកប្រើប្រាស់ ។ ភ្លាមៗនោះដែរលោកបានដឹកនាំកម្លាំងជំនាញយុត្តិធម៌ស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ចុះឆ្មក់ចូលទៅបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ឈានដល់ដកហូតវត្ថុតាងជាក់ស្តែង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន៦កញ្ចប់ ,សម្ភារៈវេចខ្ចប់ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ជនសង្ស័យទាំង៣នាក់បានសារភាពប្រាប់សមត្ថកិច្ចនគរបាលថា នៅមុនពេលចាប់ខ្លួនពួកគេបានជិះម៉ូតូទៅទិញថ្នាំញៀនពីមេក្លោងជួញដូរគ្រឿងញៀន នៅភ្នំពេញចំនួន១២កញ្ចប់ក្នុងតម្លៃ៤២០.០០០រៀល (១កញ្ចប់៣៥.០០០រៀល) ។ ពេលមកដល់លំនៅដ្ឋានវិញពួកខ្លួនបានលក់ទៅឲ្យអ្នកប្រើប្រាស់អស់ចំនួន៦កញ្ចប់ ក្នុងមួយកញ្ចប់លក់ចេញតម្លៃ៦០.០០០រៀល នៅសល់៦កញ្ចប់ទៀតក៏ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនតែម្តង ។
អធិការនគរបាលស្រុកកោះធំបានបញ្ជាក់ថា ករណីនេះលោកបានបញ្ជាឲ្យកន្លាំងនគរបាលជំនាញយុត្តិធម៌កសាងសំណុំរឿងជនសង្ស័យទាំង៣នាក់ពាក់ព័ន្ធករណី “រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនដើម្បីចែកចាយ” បញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀននៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ដើម្បីចាត់ការបន្តតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ