ប៉ូលិសនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥បានថ្លែងថា ស្ត្រីវ័យក្មេងម្នាក់ត្រូវគេគប់ដុំថ្មរហូតដល់ស្លាប់ ដោយចោទប្រកាន់ថាស្ត្រីរូបនោះបានលួចមានសហាយស្មន់ ក្បត់ចិត្តប្តី ។ នេះជាព្រឹត្តិការណ៍មួយដែលនាំឲ្យមានការនឹកស្រមៃទៅដល់សម័យកាលខ្មៅងងឹតដឹកនាំប្រទេសអាហ្វហ្គានីស្ថានដោយរដ្ឋាភិបាលក្រុមតាលីបង់ ។
នៅក្នុងឃ្លីបវីដេអូមានរយៈពេលប្រមាណ៣០នាទី ផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់អាហ្វហ្គានីស្ថានបានបង្ហាញឲ្យឃើញថា ស្ត្រីម្នាក់ត្រូវជីកកប់ក្នុងរណ្តៅមួយនៅត្រឹមក ហើយបុរស ស្ត្រីជាច្រើននាក់បានឈរនៅជុំវិញនោះ នាំគ្នាគប់ដុំថ្មទៅលើស្ត្រីរងគ្រោះ ដោយគ្មានការអាណិតអាសូរ រហូតទាល់តែស្ត្រីនោះបាត់បង់ជីវិត ។
ប៉ូលីសអាហ្វហ្គានីស្ថានបានបញ្ជាក់ថា ស្ត្រីរងគ្រោះមានឈ្មោះ Rokhsahana អាយុក្រោម២១ឆ្នាំ ។ ហេតុការណ៍នេះបានកើតឡើងមួយសប្តាហ៍កន្លងហើយ ស្ថិតនៅតំបន់គ្រប់គ្រងដោយក្រុមតាលីបង់ មិនឆ្ងាយប៉ុន្មានពីទីប្រជុំជន Firozkoh ដែលជារដ្ឋធានីរបស់ខេត្ត Ghor ។
លោក Seema Joyenda អ្នកនាំពាក្យរដ្ឋបាលខេត្ត Ghorបានថ្លែងប្រាប់ AFP ថា ពិតមែនហើយ ឃ្លីបវីដេអូនោះត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយនានារបស់អាហ្វហ្គានីស្ថានទាក់ទងជាមួយនាង Rokhsahana ដែលត្រូវគេគប់ដុំថ្មរហូតដល់ស្លាប់នោះ ។ លោកបន្តថា ក្រុមតាលីបង់, ក្រុមមេដឹកនាំសាសនាក្នុងតំបន់ និងក្រុមខ្មាន់កាំភ្លើងផងដែរជាអ្នកទប់ដុំថ្មទៅលើស្ត្រីរូបនេះ ។
លោកស្រី Joyenda អភិបាលខេត្តមួយរូប ក្នុងចំណោម២រូបរបស់អាហ្វហ្គានីស្ថានបានថ្លែងថា ក្រុមគ្រួសាររបស់នាង Rokhsahana បានរៀបការនាងឲ្យមានប្តីសីផ្ទុយពីឆន្ទៈរបស់នាង ។ បន្ទាប់មក នាង Afghanistan បានលួចទាក់ទងជាមួយបុរសដែលមានអាយុប្រហាក់ប្រហែលគ្នានោះ ត្រូវក្រុមគ្រួសារខាងប្តីចាប់បាន ហើយចាត់ទុកថា ជាទង្វើក្បត់ផឹតតែម្តង ។
ការធ្វើទារុណកម្មយ៉ាងធ្ងន់ដោយគប់ដុំថ្មទៅលើស្ត្រីឈ្មោះ Rokhsahana រហូតដល់ស្លាប់នេះឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ថែមទៀតទៅលើអំពើហិង្សាប្រឆាំងនៅលើស្ត្រីជនជាតិដើមភាគតិច ក៏ដូចស្ត្រីភេទនៅក្នុងសង្គមអាហ្វហ្គានីស្ថានទាំងមូល បើទោះបីមានការកែទម្រង់តាំងពីឆ្នាំ២០០១ ក្រោយរបបតាលីបង់ដួលរលំយ៉ាងណាក៏ដោយ ។
កាលពីខែមីនា ឆ្នាំ២០១៥ ស្ត្រីម្នាក់ឈ្មោះ Farkhunda ត្រូវគេធ្វើទារុណកម្មជាទម្ងន់ និងដុតទាំងរស់ស្ថិតនៅភាគកណ្តាលទីក្រុងកាប៊ូល ក្រោយពីមានការចោទប្រកាន់ដោយគ្មានភស្តុតាងជាក់លាក់ថា នាងបានដុតគម្ពីរកូរ៉ាន(Koran) ។
ទង្វើរបស់ក្រុមមនុស្សជ្រុលនិយមទាំងនេះបានធ្វើឲ្យមានបាតុកម្មនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន និងធ្វើឲ្យមានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពលោកផងដែរទៅលើបញ្ហាស្ត្រីនៅអាហ្វហ្គានីស្ថាន ។
លោកស្រី Joyenda បានថ្កោលទោសចំពោះការគប់ដុំថ្មទៅលើស្ត្រីនៅតំបន់ Ghor នោះ និងបានអំពាវនាវរដ្ឋាភិបាលធ្វើប្រតិបត្តិការយោធាបោសសម្អាតទីតាំងរបស់ក្រុមឧទ្ទាម និងក្រុមប្រដាប់អាវុធផ្សេងទៀត ឲ្យអស់ពីទឹកដីអាហ្វហ្គានីស្ថាន ។ លោកស្រីបញ្ជាក់ថា នេះជាករណីដំបូងគេនៅក្នុងឆ្នាំនេះដែលបានកើតឡើងនៅតំបន់ Ghor ។ ស្ត្រីនៅទូទាំងប្រទេស ជានិច្ចកាលតែងតែមានបញ្ហាជានិច្ច ប៉ុន្តែចំពោះព្រឹត្តិការនៅ Ghor នេះជាអាកប្បកិរិយាអភិរក្សនិយមហួសហេតុ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត