ភ្នំពេញ៖ ក្មេងប្រុស២នាក់ត្រូវបាន ព្រះសង្ឃមួយអង្គនាំខ្លួនយកមកឱ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលទឹកថ្លាធ្វើការសាកសួរដោយសង្ស័យថាបានធ្វើសកម្មភាពលួចយកលុយព្រះអង្គ ។
ហេតុការណ៍នាំខ្លួន ក្មេងប្រុសទាំង២នាក់យកមកឱ្យសមត្ថ កិច្ចសាកសួរនេះបានប្រព្រឹត្ដទៅកាលពី វេលាម៉ោង១១ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ ស្ថិតក្នុងភូមិត្រញំងឈូក សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ។
ក្មេងប្រុសដែលជាជនសង្ស័យខាងលើឈ្មោះ ផេត ភក្ដី អាយុ១៤ឆ្នាំ ជាសិស្ស លោក ស្នាក់នៅក្នុងភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងម្នាក់ ទៀតឈ្មោះ កៅ ពិទិ អាយុ១២ឆ្នាំ ជា សិស្សលោក ស្នាក់នៅភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ចំណែកព្រះសង្ឃដែលចោទប្រកាន់ ក្មេងខាងលើព្រះនាម លឹម សុង ព្រះជន្ម ៩០ព្រះវស្សា បច្ចុប្បន្នគង់នៅក្នុងវត្ដ វង្គតបុរី ក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹក ថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិ ដំណាក់កន្ទួត ឃុំដំណាក់កន្ទួត ស្រុក កំពង់ត្រាច ខេត្ដកំពត ។
តាមប្រភពពីព្រះសង្ឃខាងលើបាន មានថេរដីកាប្រាប់សមត្ថកិច្ចថា មុន ពេលកើតហេតុនៅយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ ព្រះអង្គមិនសូវស្រួលព្រះ កាយក៏បានហៅក្មេងប្រុសទាំង២នាក់ មកក្នុងកុដិដើម្បីឱ្យគក់ច្របាច់ដៃជើងឱ្យព្រះអង្គ ។ ក្រោយមកព្រះអង្គក៏សិងលក់ មួយភាំងទៅពេលដឹងខ្លួនវិញស្រាប់តែ ឃើញក្មេងទាំង២នាក់ងើបដើរចេញទើបព្រះអង្គសួរថា “ចៅទាំង២ទៅណា?” ។ ពេលនោះក្មេងម្នាក់ឈ្មោះ កៅ ពិទិ បាន ប្រាប់ថាទៅបត់ជើងហើយក៏ចេញទៅបាត់មិនឃើញត្រឡប់មកវិញទាំង២នាក់ ។
ព្រះតេជគុណបានមានថេរដីកាបន្ដថា ក្រោយពីក្មេងខាងលើចេញផុតព្រះអង្គ បានមើលក្នុងថង់យាមស្រាប់តែឃើញចំហខ្សែរូតហើយពេលមើលលុយក្នុងថង់យាមបាត់អស់ជាង២.០០០ដុល្លារហើយលុយនេះគឺព្រះអង្គទុកគ្រាន់តែព្យាបាល ព្រះរោគប៉ុណ្ណោះ ព្រោះព្រះអង្គមានព្រះ ជន្មច្រើនហើយ ។ លុះព្រឹកឡើងព្រះអង្គ បានឃើញក្មេងប្រុសម្នាក់មកលេងក្នុង វត្ដទើបព្រះអង្គហៅក្មេងនោះឡើងជិះ រ៉ឺមកម៉ូតូតាមរកក្មេងខាងលើទាំង២នាក់ទាល់តែឃើញហើយបាននាំខ្លួនពួកគេ យកមកប្រគល់ឱ្យនគរបាលប៉ុស្ដិ៍ទឹកថ្លា ដើម្បីសាកសួរ ។
បន្ទាប់មកសមត្ថកិច្ចនគរបាលបានសាកសួរក្មេងជាប់សង្ស័យទាំង២នាក់ ទើបពួកគេបានសារភាពថា ពួកគេពិត ជាលួចលុយព្រះតេជព្រះគុណអង្គនេះ ប្រាកដមែន ហើយលុយនេះពួកគេចាញ់ បោកបុរសម្នាក់ទៀតអាយុ២០ឆ្នាំយក លុយអស់១.៤០០ដុល្លារទុកឱ្យពួកគេតែ៦០០ដុល្លារប៉ុណ្ណោះ ។ លុយ៦០០ដុល្លារ នេះសមត្ថកិច្ចបានប្រគេនឱ្យព្រះតេជព្រះ គុណវិញនិងព្រះអង្គសុំបញ្ចប់រឿងប្ដឹង ប្ដល់ត្រឹមនេះ ខណៈសមត្ថកិច្ចអះអាងថា នឹងតាមចាប់បុរសម្នាក់អាយុ២០ឆ្នាំ ដែលគេចខ្លួននោះយកលុយប្រគេនព្រះសង្ឃវិញ ៕
ដោយ៖ តុង សីហា