ខេត្តកណ្ដាល ៖ មិនខុសទេ បុរាណតែងពោលថា ចេះអ្វីស្លាប់ហ្នឹង យ៉ាងណាមិញ សពបុរសម្នាក់ត្រូវគេប្រទះឃើញនៅក្បែរ មាត់ទឹកអំពៅដៀប ទាំងខ្លួនពាក់ជាប់នឹងឧបករណ៍សម្រាប់ឆក់ត្រី។
សពបុរសខាងលើត្រូវបានអ្នកភូមិប្រទះឃើញ កាលពីវេលា ម៉ោង២និង៣០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ចំណុច:មេទឹកអំពៅដៀប ឋិតក្នុងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខ កំពូល ខេត្តកណ្តាល។
ក្រុមគ្រួសារបានអោយដឹងថា ថ្ងៃកើតហេតុ ជនរងគ្រោះបាន ចុះទៅបឹងដើម្បីឆក់ត្រី ព្រោះជាមុខរបរប្រកបកន្លងមក ។ លុះ បាត់ដំណឹងយូរ មិនឃើញត្រឡប់ ក៏នឹកសង្ស័យ គាប់ជួនមាន អ្នកភូមិចុះទៅប្រកបការងារដូចសព្វដង ក៏ប្រទះឃើញជនរង គ្រោះដេកដួលនៅចំណុចកើតហេតុខាងលើ ក៏ស្ទុះទៅជួយ ប៉ុន្តែមិនមានដកដង្ហើម ហើយសន្និដ្ឋានថាបានស្លាប់ ព្រោះមាន ឧបករណ៍ឆក់ត្រីជាប់នឹងខ្លួន រួចរាយការណ៍ជូនអាជ្ញាធរ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកពិនិត្យកោសល វិច័យ ហើយបានអះអាងថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ចរន្តឆក់ សំអាងនៅលើខ្លួនសពមិនមានស្នាមអ្វីដែលជាសញ្ញាឃាតកម្មនោះឡើយ ថែមទាំងរកឃើញអាគុយ៥០អំពែ១គ្រឿង ដងឆក់ចំនួន០២ ម៉ូទ័រចំនួន០១គ្រឿង ។
សមត្ថកិច្ចបានអោយដឹងថា សពឈ្មោះ លី ដា ភេទប្រុស អាយុ៣៦ឆ្នាំ ជាកសិករ រស់នៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
បន្ទាប់ពីពិនិត្យតាមជំនាញបច្ចេកទេសរួច សពត្រូវបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ស្អាងជ័យ