អ្នកនាំពាក្យកម្លាំងទាហានអាកាស រុស្ស៊ីបានឱ្យដឹងថា គ្រាប់បែកបំផ្លាញ ជញ្ជាំងបេតុងប្រភេទ BETAB-500 ត្រូវបានប្រើប្រាស់នៅក្នុងការវាយប្រហារ ទៅលើក្រុមអ៊ិស្លាមបង្កើតរដ្ឋសម្រាប់ កម្ទេចទីតាំងនៅក្រោមដីរបស់ក្រុមនេះនាថ្ងៃទី៤ ខែវិច្ឆិកា ។
យន្ដហោះចម្បាំងរុស្ស៊ីបានទម្លាក់គ្រាប់ BETAB-500 ទម្ងន់៥០០គីឡូក្រាមទៅ លើទីតាំងពីរកន្លែងផ្សេងគ្នារបស់ក្រុម IS ។ មេទ័ពដែនអាកាសរុស្ស៊ីលោក Igor Klimov បញ្ជាក់ថា ការវាយ ប្រហារខាងលើធ្វើឡើងដោយយន្ដហោះ Su-34 ដែលជាយន្ដហោះកំពុងតែពេញ និយមបំផុតរបស់រុស្ស៊ីហើយមានអតិថិ ជនជាច្រើនបានកុម្ម៉ង់ទិញ ។
BETAB-500 ជាប្រភេទគ្រាប់បែក ត្រូវបានប្រើប្រាស់សម្រាប់បំផ្លាញគោល ដៅដែលមានជញ្ជាំងបេតុងការពារក៏ ដូចជាទីតាំងនៅក្រោមដី។ គ្រាប់បែក នេះមិនត្រូវបានប្រើប្រាស់សម្រាប់វាយ ប្រហារទីតាំងធម្មតាលើដីនោះឡើយ។
គ្រាប់បែក BETAB-500 បានបំពាក់ ឧបករណ៍សម្រាប់រុញឱ្យធ្លាក់ចុះក្នុងល្បឿន លឿនបំផុតអាចទម្លុះគោលដៅនិងផ្ទុះ បំផ្លាញតែម្ដង។ ក្រៅពីការកម្ទេចទីតាំង រឹងមាំ BETAB-500 ក៏អាចប្រើប្រាស់ សម្រាប់បំផ្លាញព្រលានយន្ដហោះរបស់សត្រូវផងដែរ ។
គ្រាប់បែក BETAB-500 ជាប្រភេទ អាវុធមួយក្នុងចំណោមអាវុធជាច្រើន ដែលបានប្រើប្រាស់នៅក្នុងប្រទេសស៊ីរី ក្នុងការវាយប្រហារបណ្ដេញក្រុមអ៊ិស្លាម បង្កើតរដ្ឋជួយពង្រឹងអំណាចរបស់រដ្ឋា ភិបាលលោកអាល់ អាសាដ ៕
ប្រែសម្រួល៖ ម៉ែវ សាធី