តំណាងរាស្ត្រមកពីគណបក្សប្រឆាំងរបស់មីយ៉ាន់ម៉ាមួយរូបទទួលរងការបាញ់ប្រហារ ហើយធ្វើឲ្យមានក្តីកង្វល់អំពីអស្ថិរភាពនយោបាយកើតមានឡើងក្នុងប្រទេសនេះ នៅមុនដំណើរការបោះឆ្នោតសកលជាប្រវត្តិសាស្ត្រនោះ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥បានចាកចេញពីមន្ទីរពេទ្យហើយ ។ ការដើរកង្ហែក្បួនពីសំណាក់ក្រុមអ្នកគាំទ្របានកើតមាននៅតាមដងផ្លូវនានាដើម្បីស្វាគមន៍ អបអរសាទរចំពោះការចេញពីមន្ទីរពេទ្យរបស់បេក្ខជនតំណាងរាស្ត្របក្សប្រឆាំងម្នាក់នោះ ។
កាលពីសប្តាហ៍មុននេះ បុរស៣នាក់ប្រដាប់ដោយកាំបិតបានលបចាក់ប្រហារទៅលើលោក Naing Ngan Lynn បេក្ខជនតំណាងរាស្ត្រមួយរូបប្រចាំនៅទីក្រុងយ៉ង់ហ្គូន មកពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ(NLD) របស់លោកស្រីអ៊ុង សានស៊ូជី ម្ចាស់ពានរង្វាន់នូបែលសន្តិភាព ជាគណបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ មនុស្ស២នាក់ផ្សេងទៀតបានរងរបួសដោយសារតែការវាយប្រហារនេះផងដែរ ។
ការវាយប្រហារនេះបានធ្វើឲ្យមានការព្រួយបារម្ភស្តីអំបញ្ហាសន្តិសុខសុវត្ថិភាពនៃដំណើរការបោះឆ្នោតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ ប៉ុន្តែទោះបីមានការព្រួយបារម្ភក៏ដោយ ក៏គេសង្កេតឃើញថា អំពើហិង្សាកើតឡើងតិចតួចប៉ុណ្ណោះក្នុងអំឡុងពេល២ខែនៃយុទ្ធនាការឃោសនាបោះឆ្នោតដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥នោះ ។
បេក្ខជនតំណាងរាស្ត្របក្សប្រឆាំង Naing Ngan Lynn កាលពីថ្ងៃទី៤ ខែវិច្ឆិកា បានធ្វើដំណើរចាកចេញពីមន្ទីរពេទ្យប្រចាំនៅក្រុងយ៉ង់ហ្គូននោះហើយ ដើម្បីជួបមុខ និងបង្ហាញខ្លួនចំពោះអ្នកគាំទ្ររបស់លោក បើទោះបីថា មុខស្នាមរបួសនៅមិនទាន់ជាសះស្បើយល្អប្រសើរមែនទែនយ៉ាងណាក៏ដោយ ។ ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក Naing Ngan Lynn បានបញ្ជាក់ថា ក្រុមអ្នកគាំទ្រមានបំណងចង់ឃើញខ្ញុំ ក៏ព្រោះតែពួកគេមានការព្រួយបារម្ភ ។ ខ្ញុំចង់បង្ហាញឲ្យពួកគេឃើញថា ខ្ញុំគឺជាមនុស្សរឹងមាំ មានសុខភាពល្អប្រើសរ ។
លោក Naing Ngan Lynn រួមជាមួយមន្ត្រីគណបក្សប្រឆាំងច្រើនរូបផ្សេងទៀតបានដឹកនាំក្បួនប្រតិភូមួយដែលសុទ្ធតែជាអ្នកជិះកង់ និងឈើកែវ ព្រមទាំងរថយន្តផងដែរដើម្បីឃោសនាស្វែងរកសំឡេងគាំទ្រ ។ មានការគ្រវីទង់ជាតិ និងស្លាកសញ្ញាឡូហ្គោគណបក្ស NLD នៅតាមដងផ្លូវនានាក្នុងក្រុងយ៉ងហ្គូ ក្រោមសម្រែកស្រែកអបអរសាទរពីក្រុមអ្នកគាំទ្រ និងប្រជាពលរដ្ឋ ។
ការបោះឆ្នោតសកលដែលប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែវិច្ឆិកានេះត្រូវគេលើកឡើងថា ជម្នះទំនងបានទៅលើគណបក្សប្រឆាំងរបស់លោកស្រីអ៊ុង សានស៊ូជី ។ គណបក្សកាន់អំណាច USDP ភាគច្រើនសុទ្ធតែជាបេក្ខភាពសេសសល់ពីរបបយោធានោះហាក់គ្មានសន្ទុះនៃការគាំទ្រពីសំណាក់ប្រជាពលរដ្ឋនោះទេ ។ របបយោធាមីយ៉ាន់ម៉ាបានដឹកនាំរដ្ឋាភិបាលរយៈពេលជិតកន្លះសតវត្សរ៍ មុនពេលរបបនេះប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលបច្ចុប្បន ដែលជារបបពាក់កណ្តាលស៊ីវិលនោះដឹកនាំបន្តកាលពីឆ្នាំ២០១១ ។
ការបោះឆ្នោតនៅមីយ៉ាន់ម៉ាពេលនេះគឺជាលើកដំបូងបំផុតសម្រាប់ការបោះឆ្នោតសកលតាំងពីឆ្នាំ១៩៩០រៀងមក ។ ការបោះឆ្នោតកាលពីឆ្នាំ១៩៩០នោះ ត្រូវគេដឹងថា គណបក្សរបស់លោកស្រីអ៊ុង សានស៊ូជីទទួលបានសំឡេងគាំទ្រភ្លូកទឹកភ្លូកដី ប៉ុន្តែត្រូវយោធាមិនព្រមប្រគល់អំណាចនោះឡើយ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត