ចិន៖ អាមេរិកកំពុងតែធ្វើខុសពីរឿងមួយដល់រឿងមួយទៀតត្រូវតែកែប្រែ

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសថា អាមេរិក បានធ្វើខុសម្តងហើយម្តងទៀត នោះគឺការអនុវត្តគោលនយោបាយអាត្មា និយម ដំឡើងពន្ធដែកថែប និង អាលុយ មីញ៉ូម កំពុងតែធ្វើឲ្យអាមេរិក ស្ថិតក្នុងភាព ឯកោ ។ សូម្បីតែសម្ពន្ធមិត្តអាមេរិក អឺរ៉ុប និងអាស៊ី ដូចជប៉ុននិងកូរេ៉ខាងត្បូង ក៏មិន ពេញចិត្ត សកម្មភាពរបស់ប្រធានាធិបតី អាមេរិកនោះដែរ។

កន្លងមកកូរ៉េខាងត្បូង បានប្រកាសថា នឹងប្តឹងអាមេរិកឡើងទៅកាន់ អង្គការ ពាណិជ្ជកម្មពិភពលោក ពាក់ព័ន្ធនឹងដំឡើងពន្ធនាំចូលដែកថែបនិងអាលុយមីញ៉ូម ខុសទៅនឹងច្បាប់ពាណិជ្ជកម្ម ។ ក្រៅពី នេះចិន ក៏បានប្រឆាំងទៅនឹងសកម្មភាព ដំឡើងពន្ធរបស់អាមេរិកផងដែរ។

កាលពីថ្ងៃទី១៨ខែមីនាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេច ចិត្តចុះហត្ថលេខាហើយ លើបញ្ជាថ្មីមួយ ទាក់ទិននឹង «ច្បាប់ធ្វើដំណើររវាងកោះតៃ វ៉ាន់» ឬ «Taiwan Travel Act» ដែលនឹងលើកទឹកចិត្តដល់ការធ្វើដំណើរទស្សនកិច្ច រវាងក្រុម មន្ត្រីអាមេរិក នឹងតៃវ៉ាន់គ្រប់ជាន់ថ្នាក់ទាំងអស់។ នេះបើតាមការចេញ ផ្សាយដោយ សារព័ត៌មាន CGTN នៅ រសៀលថ្ងៃសៅរ៍ ទី១៧ ខែមីនា ឆ្នាំ២០១៨។

ជុំវិញច្បាប់នេះដែរ ក្រសួងការបរទេសចិនបានបង្ហាញការជំទាស់យ៉ាងខ្លាំង ដោយចោទថា វាគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើគោលនយោបាយចិនតែមួយ និងសេចក្ដីថ្លែងការណ៍រួមចំនួន៣ រវាង សហរដ្ឋអាមេរិក នឹងចិន។ បន្ថែមពីលើនេះ នៅក្នុង សេចក្ដីថ្លែងការណ៍ បន្ទាប់ពីការចុះ ហត្ថលេខារបស់ លោក ត្រាំ កាលពីថ្ងៃ សុក្រ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន ក៏បានអះអាងដែរថា មាត្រាជាច្រើននៅ ក្នុងច្បាប់នេះ គឺរំលោភយ៉ាងធ្ងន់ធ្ងរ លើ គោលនយោបាយចិនតែមួយ និងមូលដ្ឋាន គ្រឹះនៃទំនាក់ ទំនងអាមេរិក-ចិន។

គួររំលឹកថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បា្រប់ប្រធា នាធិបតីចិន លោក ស៊ី ជិនពីង ដោយ ផ្ទាល់ថា ទីក្រុងវ៉ាស៊ីនតោន នៅតែបន្ត គោរពគោលនយោបាយចិនតែមួយ។ ប៉ុន្តែទន្ទឹមគ្នា សហរដ្ឋអាមេរិក ក៏នៅតែ យល់ព្រមបន្តលក់អាវុធឱ្យកោះតៃវ៉ាន់ និងពង្រឹងចំណងមិត្តភាពជាមួយដែនកោះ មួយនេះ ដែលចិនចាត់ទុកថា ត្រឹមតែជា ខេត្តមួយរបស់ខ្លួនតែប៉ុណ្ណោះ។

អាមេរិក កាន់តែធ្វើខុសម្តងហើយ ម្តងទៀត ដោយសារតែគោលនយោបាយអាត្មានិយមនិងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ។ សកម្មភាពខាងលើ មិនបានធ្វើឲ្យប៉ះពាល់ដល់គោលនយោ បាយរបស់ចិន ប៉ុន្មាននោះឡើយ អ្វីដែល ចិនកាន់តែខឹងសម្បានោះគឺ ការជ្រៀត ជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ក្នុងនោះ គឺគោលនយោបាយចិនតែមួយ។ អ្វីដែល ទីក្រុងប៉េកាំងចង់បាន គឺសុំឲ្យទីក្រុងវ៉ាស៊ីតោនដកច្បាប់ « Taiwan Travel Act » ដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំទើបបានអនុម័តឲ្យប្រើ ប្រាស់។ សម្រាប់ក្រុងប៉េកាំង ច្បាប់មួយ នេះបានរំលោភបំពាន លើគោលការណ៍ ចិនតែមួយហើយ។

ច្បាប់ « Taiwan Travel Act » ដែល បានអនុម័តដោយសភា និងព្រឹទ្ធសភា អាមេរិកមានកម្មវត្ថុពង្រឹងទំនាក់ទំនងរវាងអាមេរិក នឹងតៃវ៉ាន់ដោយលើកទឹកចិត្តឲ្យថ្នាក់នាំអាមេរិកធ្វើដំណើរទៅតៃវ៉ាន់ដើម្បីជួបសមភាគីតៃវ៉ាន់។ តែចិនតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេសលោកលូ កាងបានប្រឆាំងលើច្បាប់នោះយ៉ាងដាច់អហង្ការ និងបានចាត់ ទុកច្បាប់នោះថា ជាការរំលោភបំពានលើគោលការណ៍ចិនតែមួយ និងជាការផ្តល់ សញ្ញាអាក្រក់ដល់ក្រុមអ្នកទាមទារផ្តាច់ ទឹកដីនិយមនៅតៃវ៉ាន់ទៀតផង។

តាមការបញ្ជាក់បន្ថែមរបស់លោកលូ កាងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា « យើងស្នើឲ្យអាមេរិកកែកំហុសឆ្គងរបស់ខ្លួន និងបញ្ឈប់រាល់ទំនាក់ទំនងផ្លូវការជា មួយតែវ៉ាន់ទោះក្រោមរូបភាពណាក៏ ដោយ » ។ ការអំពាវនាវដូចគ្នានេះក៏មានពីក្រសួងការពារជាតិចិនតាមរយៈសេចក្តីប្រកាសព័ត៌មាន និងបានយល់ឃើញថា ច្បាប់ « Taiwan Travel Act » របស់អាមេ រិកជាការលូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ ទន្ទឹមគ្នានេះ ក្រសួងការពារជាតិចិនក៏ស្នើអាមេរិកឲ្យឈប់លក់អាវុធឲ្យតៃវ៉ាន់ដើម្បីចៀសវាងការធ្លាក់ចុះនៃទំនាក់ទំនងយោធារវាងចិន នឹងអាមេរិក។

គួររម្លឹកជូនថា អាមេរិកគ្មានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ទេ តែអាមេរិកបាន បន្តរក្សាទំនាក់ទំនងពាណិជ្ជកម្ម និងការ បន្តលក់អាវុធឲ្យតៃវ៉ាន់។ ក្រោយការជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានយល់ព្រមទទួលទូរស័ព្ទសាទរពីលោកស្រីប្រធានាធិបតីតៃវ៉ាន់ ហើយកាលពីរដូវក្តៅឆ្នាំ ២០១៧ លោកត្រាំបានយល់ព្រមលក់អាវុធឲ្យតៃវ៉ាន់ក្នុងទឹកប្រាក់ ១ ៣០០លានដុល្លារ។ សម្រាប់ ចិន កោះតៃវ៉ាន់ដែលបានផ្តាច់ខ្លួនចេញពីចិនក្រោយសង្រ្គាមស៊ីវិលឆ្នាំ ១៩៤៩ នៅ ជាដែនដីរបស់ខ្លួន និងបានព្រមានថា នឹងប្រើកម្លាំងបាយវាយប្រហារបើតៃវ៉ាន់ប្រសិនហ៊ានប្រកាសឯករាជ្យនៅថ្ងៃណាមួយនោះ។

សកម្មភាពរបស់អាមេរិក នាពេលនេះ កំពុងតែធ្វើឲ្យ អាមេរិក ស្ថិតនៅក្នុងភាព ឯកោ នៅលើពិភពលោក នៅពេលដែលសម្ពន្ធមិត្តបានចាកចេញបន្តិចម្តងៗ ។កន្លងមកសហភាពអឺរ៉ុបរង់ចាំការបំភ្លឺពីសហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍នេះ ស្តីពីការសម្រេចចិត្តរបស់លោកដូណាល់ត្រាំ ដំឡើងពន្ធលើការនាំចូលដែកថែបនិងអាលុយមីញ៉ូម។ សម្រាប់អឺរ៉ុប អាមេរិកគួរតែលើក ពន្ធនាំចូលនេះ ចំពោះដៃគូអឺរ៉ុប ដូចអ្វីដែលអាមេរិកធ្វើជាមួយម៉ិចស៊ិក និងកាណាដា បើពុំនោះទេសង្គ្រាមពាណិជ្ជកម្មនឹងអាច ផ្ទុះឡើងជាក់ជាមិនខានឡើយ។

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសដំឡើងពន្ធនាំចូលដែកថែប ២៥ភាគរយ និងអាលុយមីញ៉ូម ១០ភាគរយ ដែលនឹង ចូលជាធរមាននៅរវាង១៥ថ្ងៃ ទៀត និង ដែលអាមេរិកអាចចរចា កែប្រែ ឬធ្វើការ លើកលែងពន្ធ ទៅតាមករណីជាក់ស្តែងពីប្រទេសមួយទៅប្រទេសមួយ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print