ភ្នំពេញ៖ យោងតាមការបញ្ជាក់របស់ក្រុមអ្នកជំនាញបានឲ្យដឹងថាផលចំណេញពីការវិនិយោគខុនដូនៅក្នុងប្រទេសកម្ពុជាគឺមានប្រមាណជា៧,៥ភាគរយ ក្នុងមួយឆ្នាំដែលនេះជាកំណើនមួយខ្ពស់បើធៀបទៅនឹងទីផ្សារខុនដូក្នុងតំបន់អាស៊ីដូចគ្នានោះ ។
នាយកប្រតិបត្តិក្រុមហ៊ុនCentury 21 Mekong លោកច្រឹក សុខនឹម បានបញ្ជាក់ប្រាប់ថា ការវិនិយោគនៅកម្ពុជាបានផ្តល់នូវផលប្រយោជន៍ជាច្រើន ខណៈដែលនៅលើប្រទេសអាស៊ីដទៃទៀតដូចជា៖ ប្រទេសថៃ និងជប៉ុនទទួលផលចំណេញត្រឹម៦,៣ភាគរយ ហើយប្រទេសចិនត្រឹម៥,៥ភាគរយ ចំណែកទីផ្សារហុងកុងកំពុងទទួលបាននូវផលចំណេញពីការជួលត្រឹមតែ២,៧ភាគរយ ។ រីឯប្រទេសហ្វីលីពីនកំពុងទទួលផលតាមពីក្រោយកម្ពុជាបន្តិចដែលមានប្រមាណ៧,១ភាគរយ។ ក្នុសន្និសីទសារព័ត៌មានស្តីពីវិស័យខុនដូនៅក្នុងប្រទេសកម្ពុជាដែលធ្វើឡើងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ លោកសុខនឹម ឲ្យដឹងទៀតថា ការវិនិយោគនូវវិស័យនេះបានផ្តល់នូវលំហូសាច់ប្រាក់យ៉ាងល្អជាងវិស័យនានាដោយសារវាស្រួលស្វែងរកអតិថិជនដែលកំពុងមានតម្រូវការលើអចលនទ្រព្យសម្រាប់ជួលបន្តទៅឲ្យអ្នកធ្វើពាណិជ្ជកម្មពីបរទេស ។
លោកបញ្ជាក់ថា ការវិនិយោគនៅលើអគារខុនដូថ្មីៗត្រូវបានសាងសង់នៅក្នុងតំបន់ពិសេសដែលមានតម្លៃខ្ពស់សម្រាប់ការទាក់ទាញអ្នកវិនិយោគឬការរស់នៅផ្ទាល់ខ្លួន ។ ខុនដូក្នុងរាជធានីភ្នំពេញមានតម្លៃជាមធ្យមចន្លោះពី១.២០០ដុល្លារអាមេរិករហូតដល់៣.២០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េខណៈតម្លៃសាងសង់ខុនដូនៅប្រទេសម៉ាឡេស៊ីមានតម្លៃ២.៨០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ ចំណែកអចលនទ្រព្យបែបនេះនៅទីក្រុងហុងកុងមានតម្លៃខ្ពស់ជាងគេបំផុតក្នុងតំបន់ដែលមានតម្លៃដល់ទៅ២១.២០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េដែលថ្លៃជាងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាដល់ទៅ៧ដង ។
អ្នកជំនាញផ្នែកជំនួញបាននិយាយថា ការអនុវត្តសហគមន៍សេដ្ឋកិច្ចអាស៊ានដែលនឹងចាប់ផ្តើមនៅដំណាច់ឆ្នាំនេះនឹងជំរុញឲ្យមានការប្រកួតប្រជែងដ៏ខ្លាំងជាមួយឱកាសវិនិយោគវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា ។ លោកវ៉ាវីរៈប្រធានក្រុមហ៊ុន Century 21 Fortuna Investment បាននិយាយថា ដោយសារកម្ពុជានៅចំកណ្តាលនៃសហគមន៍អាស៊ាននឹងនាំឲ្យប្រទេសនេះមានចរន្តនៃវិនិយោគិន និងលំហូរពលកម្មដែលចាំបាច់ត្រូវការនូវទីលំនៅស្នាក់អាស្រ័យ ។
លោកថ្លែងបញ្ជាក់ថា «សហគមន៍សេដ្ឋកិច្ចអាស៊ានមានផលិតផលក្នុងស្រុក (GDP) រួមបញ្ចូលគ្នាចំនួន២.៤០០ពាន់លានដុល្លារជាមួយពាណិជ្ជកម្មក្នុងតំបន់ចំនួន៦០០ពាន់លានដុល្លារនិងជាទីស្នាក់នៅរបស់មនុស្សចំនួន៦២៥លាននាក់ដែលមានការរីកចម្រើនយ៉ាងខ្លាំងនូវអ្នកប្រើប្រាស់ឋានៈកណ្តាល ។ នៅក្នុងន័យនេះនឹងមានតម្រូវការចាំបាច់ចំពោះលំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជាសម្រាប់ផ្តល់ដល់វិនិយោគិននិយោជកនិងក្រុមគ្រួសាររបស់ពួកគេ។ ដោយសារតែពួកគេភាគច្រើនបានស៊ាំទៅនឹងស្ថានភាពរស់នៅតាមបែបទំនើបនៅក្នុងប្រទេសរបស់គេ ដូច្នេះពួកគេនឹងរក្សបន្តរស់នៅក្នុងខុនដូនៅក្នុងប្រទេសកម្ពុជាទៀតដែលនឹងបង្កើតនូវកំណើននៃសេចក្តីត្រូវការ» ៕
ដោយ៖ វឌ្ឍនា