លោក គួច វេងស្រ៊ុន ដឹកនាំក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យការងារសង្គ្រោះស្រូវ និងការងារវេចខ្ចប់ទឹក នៅខេត្តកំពត និងតាកែវ

ចែករំលែក៖

ខេត្តតាកែវ៖ ថ្លែងនៅក្នុងពេលចុះពិនិត្យការងារអន្តរាគមន៍សង្គ្រោះស្រូវនៅក្នុងខេត្តកំពត លោក គួច វេងស្រ៊ុន បានឱ្យដឹងថា មួយរយៈចុងក្រោយនេះ ខេត្តកំពត មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ប៉ុន្តែមិនបានរាយប៉ាយគ្រប់កន្លែងនោះទេ ជាហេតុធ្វើឱ្យប៉ះពាល់ផ្ទៃដីស្រូវវស្សា ដែលប្រជាកសិករទើបតែធ្វើការដាំដុះប្រមាណជាង ១.០០០ ហិកតា ក្នុងស្រុកកំពង់ត្រាច និងស្រុកបន្ទាយមាស ។

IMG_8629.JPG

លោក គួច វេងស្រ៊ុន បានបន្តថា ឆ្លើយតបទៅនឹងបញ្ហានេះ លោករដ្ឋមន្ត្រី លឹម គានហោ បានបញ្ជាមកមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ឱ្យចុះអន្តរាគមន៍សង្គ្រោះភ្លាមៗ ដោយប្រើប្រាស់នូវទឹកដែលយើងបម្រុងទុក ព្រមទាំងចាត់ឱ្យក្រុមការងារបច្ចេកទេសក្រសួង ចុះមកពិនិត្យ និងជួយលើការងារនេះបន្ថែមទៀត ។

លោកអនុរដ្ឋលេខាធិការ បានបន្តថា ការងារអន្តរាគមន៍សង្គ្រោះស្រូវវស្សាចុងដៃខាងលើ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បាន និងកំពុងប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥ សេះ) ចំនួន ០១ គ្រឿង បូមយកទឹកពីព្រែកតន់ហន់ ទម្លាក់ចូលប្រឡាយមេព្រែកក្រឹស ដើម្បីនាំទឹកមកស្រោចស្រពស្រូវវស្សាប្រមាណ ៥០០ ហិកតា ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច និងស្ថានីយបូមទឹកហ៊ុនសែនទី ៤៥ បូមយកទឹកពីស្ទឹងទូកមាស ទម្លាក់ចូលប្រឡាយស្ថានីយហ៊ុនសែនទី៤៥ទូកមាស ដើម្បីនាំទឹកមកស្រោចស្រពស្រូវវស្សាប្រមាណ ៦០០ ហិកតា ក្នុងឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ។

ដោយឡែក ការងារបូមយកទឹកពីទន្លេបាសាក់មកបញ្ចូលក្នុងអាងទឹកដងខ្ញម សម្រាប់ផ្គត់ផ្គង់ផ្ទៃដីស្រូវរដូវប្រាំងរបស់ប្រជាកសិករ ប្រមាណ ៥០០ ហិកតា ស្ថិតក្នុងសង្កាត់រការក្រៅ ក្រុងដូនកែវ និងឃុំស្រងែ ស្រុកទ្រាំង ត្រូវបានលោក គួច វេងស្រ៊ុន បញ្ជាក់ឱ្យដឹងថា បន្ទាប់ពីបានដាក់ឱ្យដំណើរបូមដោយប្រើប្រាស់ម៉ាស៊ីនខ្នាតមធ្យម (៦៥សេះ) ចំនួន ០៦ គ្រឿង មកដល់ពេលនេះ ទឹកក្នុងអាងដងខ្ញម កើនឡើងបានប្រមាណ ៤០ភាគរយហើយ ខណៈប្រជាកសិករកំពុងទាញយកទៅប្រើប្រាស់ក្នុងការ សាបព្រោះ ដកស្ទូងដំណាំស្រូវរដូវប្រាំងរបស់ពួកគាត់ជាបណ្តើរៗ ។ លោកបន្តថា ការងារបូមទឹកបញ្ចូលអាងដងខ្ញមនេះ នឹងបន្តរហូតដល់ទឹកទន្លេស្រកផុត ៕

IMG_8624.JPG IMG_8627.JPG IMG_8625.JPG IMG_8626.JPG IMG_8630.JPG

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print