បណ្តាញព័ត៌មានវៀតណាមបានផ្សព្វផ្សាយកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ថា អាជ្ញាធរបស់ប្រទេសនេះបានចាប់ខ្លួនស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ពីបទរត់ពន្ធថ្នាំញៀនកាកូអ៊ីន។ ការរត់ពន្ធថ្នាំញៀននេះជាបទឧក្រិដ្ឋមួយដែលត្រូវផ្តន្ទាទោសប្រហារជីវិត ស្ថិតទៅតាមច្បាប់របស់ប្រទេសកុម្មុយនីស្ត ។
ទីភ្នាក់ងារព័ត៌មានរបស់វៀតណាម Tuoi Tre បានផ្សព្វផ្សាយថា ស្ត្រីជនជាតិម៉ាឡេស៊ី ឈ្មោះ Kaur Gurcharan Singh Manpal ឆ្នាំបានរត់ពន្ធថ្នាំញៀនកាកូអ៊ីនប្រមាណ៥កីឡូក្រាមចូលទៅក្នុងទីក្រុងហូជីមិញ ហើយត្រូវប៉ូលិសចាប់បាននៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងហូជីមិញកាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ ប្រភពបន្តថា ស្ត្រីរូបនេះបានធ្វើដំណើរទៅកាន់កូឡុំប៊ី ទៅកាន់ ប៉ាណាម៉ា, ប្រេស៊ីល និងឌុយបៃផងដែរ មុនពេលមកកាន់ប្រទេសវៀតណាម ។ ប៉ូលិសបានរកឃើញម្សៅថ្នាំញៀនទាំងនេះស្ថិតនៅក្នុងកាបូបរបស់ស្ត្រីជនជាតិម៉ាឡេស៊ីរូបនោះ ។
ស្ថិតនៅក្រោមច្បាប់របស់ប្រទេសកុម្មុយនីស្តវៀតណាម ជនទាំងឡាយណាដែលប្រព្រឹត្តល្មើសទាក់ទងថ្នាំញៀនកាកូអ៊ីន ឬហេរ៉ូអ៊ីនចាប់ពីជាង៦០០ក្រាមឡើងទៅ គឺត្រូវប្រឈមមុខនឹងទោសប្រហារជីវិត ។
ជនបរទេសរាប់សិបនាក់ត្រូវផ្តន្ទាទោសប្រហារជីវិតដោយសារតែការរត់ពន្ធគ្រឿងញៀន ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយបញ្ហាគ្រឿងនេះនៅតែត្រូវគេរត់ពន្ធ និងប្រើប្រាស់ជាធម្មតា ។
កាលពីខែកញ្ញា ឆ្នាំ២០១៥ ស្ត្រីវៀតណាមកាត់អូស្ត្រាលីម្នាក់ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ២០ឆ្នាំដោយសារតែព្យាយាមរត់ពន្ធថ្នាំញៀនហេរ៉ូអ៊ីលាក់ទុកក្នុងអាវទ្រនាប់របស់នាង ។ កាលពីឆ្នាំមុន បុរសសញ្ជាតិហ្វីលីពីនម្នាក់ និងស្ត្រីម្នាក់ត្រូវផ្តន្ទាទោសប្រហារជីវិតដោយសារតែបានរត់ពន្ធថ្នាំញៀនកាកូអ៊ីនមានទម្ងន់ប្រមាណ១១ផោន ៕
ប្រែសម្រួល៖ ថាច់ យ៉ាត