ខេត្តកំពង់ចាម៖ លោក ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ បានដឹកនាំក្រុមការងារក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម និងអាជ្ញាធរស្រុកកងមាស ចុះអន្តរាគមន៍បូមទឹកបំពេញអាងទឹកតាគៀត ទុកសម្រាប់ស្រោចស្រពដំណាំស្រូវរដូវប្រាំងរបស់បងប្អូនប្រជាកសិករ ក្នុងឃុំព្រែកតាកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។
លោក ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងឱ្យដឹងថា ការងារបូមទឹកបញ្ចូលអាងតាគៀត គឺក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម ប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) ចំនួន ០២ គ្រឿង ដើម្បីបូមយកទឹកពីបឹងបេ៦ ដែលជាបឹងធម្មជាតិមួយទទួលរបបទឹកពីទន្លេមេគង្គ តាមរយៈព្រែកតាកុយ ។ ដោយសារឆ្នាំនេះទឹកទន្លេមេគង្គមានកម្រិតទាប មិនបានធ្វើឱ្យទឹកក្នុងបឹងបេ៦ ជន់ឡើងហូរចូលក្នុងអាងទឹកតាគៀតបានច្រើននោះទេ ។
លោក ថោ ជេដ្ឋា បានបន្តថា អាងទឹកតាគៀតអាចស្តុកទឹកបានប្រមាណ ៩៨ម៉ឺនម៉ែត្រគូប និងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវរដូវប្រាំងបានប្រមាណ ៤០៥ ហិកតា ហើយបច្ចុប្បន្នទឹកក្នុងអាងនៅសល់តែប្រមាណ ៥០ភាគរយប៉ុណ្ណោះ ដែលតម្រូវឱ្យយើងធ្វើការបូមយកទឹកពីបឹងបេ៦ មកបំពេញបន្ថែម ។
លោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ចំពោះការអនុវត្តការងារបង្កបង្កើនផលស្រូវរដូវប្រាំងនៅក្នុងខេត្តកំពង់ចាម មកដល់ពេលនេះ សម្រេចបានប្រមាណ ៣.០០៨ ហិកតា ស្មើនឹងជាង ៧ភាគរយ នៃផែនការដែលបានដាក់ចុះ ៕
ដោយ៖ សុខ ខេមរា