ខេត្តកណ្តាល៖ បុរសម្នាក់បានធ្វើសកម្មភាពសម្លាប់គូទំនាស់មិនបានសម្រេច គេចខ្លួនចេញពីលំនៅឋានអស់រយៈពេលជាច្រើនឆ្នាំ ទើបត្រឡប់ចូលមកមូលដ្ឋានវិញ ត្រូវនគរបាលក្របួចដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ត ។
ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅវេលាម៉ោង៧ និង៣០នាទី ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ។
នគរបាលជំនាញយុត្តិធម៌ស្រុកលើកដែកបានរំឮកថា កាលពីអំឡុងឆ្នាំ២០០៦កន្លងទៅជាច្រើនឆ្នាំមកហើយនោះ ឈ្មោះ ច្រឹក វ៉ាន់ណេត (ជនត្រូវចោទ) បានធ្វើសកម្មភាពប៉ុនប៉ងវាយសម្លាប់គូរទំនាស់ តែមិនបានសម្រេចក៏លួចរត់ចេញពីមូលដ្ឋានបាត់ទៅ ។ បន្ទាប់មកជនរងគ្រោះក៏បានចូលខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចនគរបាលជួយអន្តរាគមន៍ ទោះបីជាបែបណាក្តីជនសង្ស័យបានគេចខ្លួនបាត់ទៅហើយ សមត្ថកិច្ចបានត្រឹមតែកសាងសំណុំរឿង និងសាវតាជាតិជនសង្ស័យ បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ។
រហូតដល់ឆ្នាំ២០១៤ តុលាការបានចេញដីការបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ តែមិនដឹងថាជនសង្ស័យទៅលាក់ខ្លួននៅទីណានោះទេ ទើបមកដល់អំឡុងពេលថ្មីៗនេះជនសង្ស័យត្រឡប់ចូលមករស់នៅស្រុកកំណើតវិញក៏ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួន ដោយអនុវត្តតាមដីការបង្គាប់ឲ្យចាប់ខ្លួនខាងលើនេះ ។
ជនត្រូវចោទបានសារភាពថា ក្រោយពីធ្វើសកម្មភាពរួចមកខ្លួនបានគេចចេញពីមូលដ្ឋានទៅរស់នៅឯរាជធានីភ្នំពេញ ធ្វើជាកម្មករសំណង់អស់រយៈពេលជាច្រើនឆ្នាំនឹកស្មានថាបណ្តឹងខាងលើនេះរលត់ក៏ត្រឡប់មកស្រុកវិញ ខណៈមកដល់មិនបានប៉ុន្មានថ្ងៃផងក៏ត្រូវនគរបាលឃាត់ខ្លួនតែម្តង ៕
ដោយ៖ ស្អាងជ័យ