រថយន្ត​កង​វិស្វកម្ម​ដឹក​ដែក​ពុម្ព​សសរ​បាក់​ចម្រឹង​ទ្រុង​ធ្លាក់​សង្កត់​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង​ខ្ទេច​សំណាងល្អ​គ្មាន​គ្រោះថ្នាក់​ដល់​មនុស្ស

ចែករំលែក៖

​ភ្នំពេញ​៖​ រថយន្ត​១​គ្រឿង​របស់​ កង​វិស្វកម្ម​ដោយ​មាន​សណ្ដោង​ កន្ទុយ​រ៉ឺ​ម៉ក​ផង​ បាន​ដឹក​ដែក​ពុម្ព​សសរ​ ចំនួន​២២​ដើម​ និង​ទម្ងន់​រាប់​សិប​តោន​ បាន​បាក់​ចម្រឹង​ដែក​ទ្រុង​ បណ្ដាល​ឲ្យ​ធ្លាក់​ដែក​ពុម្ព​សសរ​នោះ​ សង្កត់​ ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង​ រង​ការ​ខូចខាត​យ៉ាងដំណំ​ និង​ ធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ​ ។

IMG_7207

កាលពី​វេលា​ម៉ោង​ ៨​ ព្រឹក​ ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ ផ្លូវជាតិ​លេខ​3​ ត្រង់​ចំណុច​ភូមិ​ទួល​កី​ សង្កាត់​ភ្លើង​ឆេរ​ទះ​ ខណ្ឌ​ ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ប៉ុន្តែ​ជា​សំណាងល្អ​ មិន​បាន​បណ្ដាល​ឲ្យ​មាន​ នរណា​ម្នាក់​រង​គ្រោះ​នោះ​ ឡើយ ​។​

​រថយន្ត​បង្ក​នោះ​ម៉ាក​ ហ៊ី​ណូ​ ព​ណ៍​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3A-1487​ ជា​រថយន្ត​របស់​កង​វិស្វកម្ម​ ក្រសួងការពារជាតិ​ ហើយ​អ្នកបើកបរ​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ឡើយ​ ចំណែក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ ម៉ាក​ហុង​ ដា​វ៉េវ​ ព​ណ៍​ខ្មៅ​ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ ញ៉ុញ​ កាន​ អាយុ​៣៥​ឆ្នាំ​ មុខរបរ​ជាងដែក​ មាន​ទីលំនៅ​ភូមិ​ ដំណាក់​ ត្រាច​ ឃុំ​ទួល​អំពិល​ ស្រុក​បរ​សេដ្ឋ​ ខេត្តកំពង់ស្ពឺ​ ហើយ​ម៉ូតូ​នេះ​រួម​និង​កន្ទុយ​ រ៉ឺ​ម៉ក​បាន​រង​ការ​ខូចខាត​ យ៉ាង​ដំ​ ។​

​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ ជិះ​គ្នា​៣​នាក់​ទាំង​អ្នកបើកបរ​ បាន​ធ្វើ​ ដំណើរ​ទៅ​ដឹក​ដែក​ នៅ​ម្ដុំ​ថ្នល់បំបែក​ចោម​ចៅ​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ប៉ុន្តែ​ពេល​ទៅ​ដល់​ ត្រង់​ចំណុច​ កើតហេតុ​ បាន​ឈប់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ ខាងស្ដាំ​ដៃ​ រួច​នាំ​គ្នា​ដើរ​ឆ្លងផ្លូវ​ ទៅ​ហូប​បាយ​ ។​ លុះ​ពេល​ ដើរ​ចេញ​ និង​ ឆ្លងផ្លូវ​ផុត​បន្តិច​ ស្រាប់តែ​រថយន្ត​បង្ក​នោះ​ មាន​ សណ្ដោង​រ៉ឺ​ម៉ក​ផង​ ដឹក​ដែក​ពុម្ព​សសរ​ខំ​នួន​២២​ដើម​ បើកបរ​ក្នុង​ទិស​ដៅ​ ស្របគ្នា​ទៅ​ដល់​ល្មម​ ។​ពេល​នោះ​ចម្រឹង​ដែក​ទ្រុង​រថយន្ត​បាន​បាក់​ បណ្ដាល​ឲ្យ​ ធ្លាក់​ដែក​ ពុម្ព​សសរ​សង្កត់​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​នោះ​ទាំង​កំរោល​ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​ ហើយ​ដែក​ពុម្ព​ នោះ​បាន​ខ្ទាត​រប៉ាត់រប៉ាយ​ពេញ​ផ្លូវ​ផង​ដែរ​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ រថយន្ត​នោះ​បាន​បើក​ចេញពី​ទីតាំង​របស់​ខ្លួន​ដែល​ ស្ថិត​នៅ​ក្នុងភូមិ​វត្ត​ស្លែង​ សង្កាត់​ ពងទឹក​ ខណ្ឌដង្កោ​ ទៅ​កាន់​ទីតាំង​ស្ថាបនា​ផ្លូវ​នៅ​ ខេត្តកំពង់ចាម​ ហើយដោយ​សារ​ការ​ធ្វេសប្រហែស​ និង​ការ​ដឹក​លើស​ចំណុះ​ ទើប​បណ្ដាល​ឲ្យ​មាន​បញ្ហា​បែប​នេះ​កើតឡើង​។​ ដោយឡែក​ដែក​ពុម្ព​សសរ​ នោះ​ក្នុង​ ១​ដើម​ ៗ​ មានមុខ​កាត់​ ទំហំ​ប្រមាណ​កន្លះ​ម៉ែត្រ​ និង​បណ្ដោយ​ ប្រវែង​ប្រមាណ​៥​ម៉ែត្រ​ ហើយ​នៅ​ចំណុច​ ដែល​ធ្លាក់​ នោះ​ ខូង​ដី​ជម្រៅ​ប្រមាណ​ ៣​ទៅ​៤​តឹក​ ប្រសិនបើ​ធ្លាក់​ត្រូវ​មនុស្ស​វិញ​ គឺ​ចំ​ដៃ​ដាច់​ដៃ​ ចំ​ជើង​ដាច់​ ជើង​ឬ​ចំ​ខ្លួន​ ដាច់​ខ្លួន​តែ​ម្ដង​ ។​ ម្យ៉ាងទៀត​ធ្លាក់​ខុសពេល​ដែល​កម្មករ​កម្មការិនី​ ធ្វើ​ដំណើរ​ទៅ​ធ្វើការ​រោងចក្រ​ និង​ពេល​ដែល​អ្នកបើកបរ​និង​អ្នក​ជិះ​ ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​នោះ​ដើរ​ចេញ​ផុត​ ទើប​គ្មាន​អ្នក​គ្រោះថ្នាក់​បែប​នេះ​។​

ក្រោយ​ពេល​កើតហេតុ​ ភាគី​ទាំង​សង្ខាង​បាន​ សម្រួល​គ្នា​បញ្ចប់រឿង​ នៅ​នឹង​កន្លែង​កើតហេតុ​ ដោយ​ម្ចាស់​ រថយន្ត​ចេញ​សំណង​ ចំនួន​៣០០​ដុល្លារ​ទៅ​ឲ្យ​ម្ចាស់​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដើម្បី​ជួសជុល​ឡើង​វិញ ៕​

IMG_7206IMG_7205

...

ដោយ៖ សុខា​សែន​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print