ភ្នំពេញ៖ រថយន្ដឡង់គ្រីស័រ ស៊េរីទំនើបដែលបើកបរមិនគោរពច្បាប់ចរាចរណ៍ ជែងស្ដាំ បានជ្រុលចង្កូតបុកស្ដ្រីកម្មការិនីរោងចក្រម្នាក់ឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ៤ និង៣០នាទីរសៀល ថ្ងៃទី៤ វិចិ្ឆកា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
បើតាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ដ្រីរងគ្រោះទើបចេញពីធ្វើការ ធ្វើដំណើរដោយថ្មើរជើង តាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងមកជើង។ ភ្លាមនោះមានរថយន្ដឡង់គ្រីស័រ ស៊េរីទំនើបមួយគ្រឿងពាក់ស្លាកលេខ កណ្ដាល 2A-7755 បើកយ៉ាងលឿនហើយបានជែងស្ដាំ ក៏ជ្រុលចង្កូតកៀរស្ដ្រីរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់។
ក្រោយពេលកើតហេតុស្ដ្រីរងគ្រោះត្រូវបានអ្នកបើកបររថយន្ដ បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ មិត្ដភាព ខ្មែ-សូវៀត៕
ដោយ៖ វិបុល