ប្រភពព័ត៌មានពីកងកម្លាំងការពារដែនសមុទ្រប្រទេសឥណ្ឌូនេស៊ីបានបញ្ជាក់ថា កាលពីចុងសប្តាហ៍មុននេះ កងកម្លាំងការពារដែនសមុទ្រឥណ្ឌូនេស៊ីបានបាញ់ពន្លិចទូកនេសាទវៀតណាមខុសច្បាប់៦គ្រឿងដែលចូលមកដែនទឹក និងនេសាទដោយគ្មានការអនុញ្ញាតស្ថិតនៅក្នុងតំបន់ Batam ខេត្ត Riau នោះ ។ ទូកនេសាទទាំងនោះត្រូវគេបាញ់បណ្តាលឲ្យផ្ទុះតែម្តង ។
អ្នកនាំពាក្យរបស់កងកម្លាំងការពារដែនសមុទ្រឥណ្ឌូនេស៊ី លោក Ariris បានថ្លែងថា ទូកនេសាទាំងនោះត្រូវអ្នកច្បាប់រកឃើញថា មានកំហុងឆ្គងចូលមកក្នុងដែនអធិបតេយ្យឥណ្ឌូនេស៊ីធ្វើសកម្មភាពនេសាទត្រីដោយខុសច្បាប់។
ការបាញ់ពន្លិចទូកនេសាទខុសច្បាប់ទាំងនេះធ្វើឡើងដោយនាវាល្បាត និងនាវាចម្បាំង KRI Kujang និង KRI Surik ។
ក្រុមឆ្មាំការពារដែនសមុទ្រដែលមានឈ្មោះថា Armabar នោះ នៅពេលបច្ចុប្បន្ននេះបាននិងកំពុងធ្វើប្រតិបត្តិការល្បាត ដើម្បីធានាដល់សន្តិសុខ និងសុវត្ថិភាពនៅភាគខាងលិចនៃដែនទឹកប្រទេសឥណ្ឌូនេស៊ី ។ កងទ័ពជើងទឹកឥណ្ឌូនេស៊ីបានបញ្ជាក់អំពីការធ្វើប្រតិបត្តិការបាញ់ពន្លិចនាវានេសាទខុសច្បាប់ទាំងនេះប្រកបដោយជោគជ័យ និងកាត់បន្ថយបានបទឧក្រិដ្ឋកម្ម និងការនេសាទខុសច្បាប់ ។
តាមរបាយការណ៍បានលើកឡើងថា នៅក្នុងឆ្នាំដំបូងនៃអាណត្តិដឹកនាំរបស់ប្រធានាធិបតី Joko Jokowi Widodo រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបាញ់ពន្លិចទូកនេសាទខុសច្បាប់បរទេសប្រមាណ១០៦គ្រឿង ស្ថិតនៅលើដែនទឹករបស់ប្រទេសនេះ ។ ទូកនេសាទខុសច្បាប់ទាំងនោះភាគច្រើនមកពីប្រទេសវៀតណាម ហ្វីលីពីន និងប្រទេសថៃ៕
ប្រែសម្រួល៖ ថាច់ យ៉ាត