ខេត្ដក្រចេះ៖ កម្លាំងសមត្ថកិច្ចបាន ចាប់ខ្លួនបុរសជនជាតិវៀតណាមពីរនាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធចូលមក ស្នាក់នៅដោយខុសច្បាប់នៅក្នុងប្រទេស កម្ពុជាដើម្បីស៊ីឈ្នួលកាប់អាឈើឱ្យមន្ដ្រី យោធាមួយរូបនៅអង្គភាពវរការពារ ព្រំដែនគោកលេខ២០៤ ។ នេះបើយោង តាមជនជាតិវៀតណាមទាំងពីរនាក់នេះ បានសារភាពប្រាប់សមត្ថកិច្ចនគរបាល ស្រុកស្នួល ខេត្ដក្រចេះ ។
ករណីចាប់ឃាត់ខ្លួនជនជាតិវៀតណាម ទាំងពីរនាក់ខាងលើនេះនគរបាលស្រុក ស្នួលបានធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០១៥ ត្រង់ចំណុចអូរគរគី ស្ថិតក្នុងស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្ដក្រចេះ ។
លោក ចាន់ សុខសឹម អធិការស្រុក ស្នួលបានឱ្យដឹងថា ជនសង្ស័យដែលត្រូវ បានឃាត់ខ្លួនទី១-ឈ្មោះ ឡេ វាំងអាំ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅ ភូមិតឹងហៀប ឃុំតឹងថាន់ ស្រុកបូដប ខេត្ដប៊ិញភឿក ប្រទេសវៀតណាម និង ទី២-ឈ្មោះ យឿង វ៉ាយអាំង ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិ-ឃុំ-ស្រុក ជាមួយនិងជនសង្ស័យទី១ ។
លោកអធិការបានឱ្យដឹងទៀតថា ជា មួយការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ច បានដកហូតអាវុធអាកាស្វាបត់១ដើម មានគ្រាប់២១គ្រាប់ បង់១ ម៉ូតូ២គ្រឿង និងម៉ាស៊ីនត្រង់ស៊ីន័រសម្រាប់អាឈើ ចំនួន២គ្រឿង ។
លោកអធិការបញ្ជាក់ថា ជនសង្ស័យ ទាំងពីរនាក់ខាងលើនេះបានបញ្ជូនទៅ តុលាការនៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០១៥ ពាក់ព័ន្ធប្រើប្រាស់អាវុធខុស ច្បាប់និងចូលមកស្នាក់នៅស៊ីឈ្នួល អាឈើខុសច្បាប់នៅលើទឹកដីប្រទេស កម្ពុជា។
បើយោងតាមចម្លើយជនសង្ស័យបាន សារភាពថា អាវុធអាកាស្វាបត់ដែល គេយកមកប្រើប្រាស់ដោយខុសច្បាប់ នោះជារបស់ឈ្មោះ ហួត មន្ដ្រីយោធា នៅវរការពារព្រំដែនគោកលេខ២០៤ ។ ការប្រគល់អាវុធឱ្យមកប្រើប្រាស់នេះគឺ ដើម្បីស៊ីឈ្នួលអាឈើឱ្យគាត់(ឈ្មោះ ហួត )។
ទាក់ទិននិងចម្លើយសារភាពជន សង្ស័យខាងលើនេះអ្នកយកព័ត៌មាននគរ វត្ដមិនអាចរកការបំភ្លឺពីឈ្មោះ ហួត មន្ដ្រីយោធាវរការពារព្រំដែនគោក លេខ២០៤បានទេ នៅល្ងាចថ្ងៃទី៥ ខែ វិច្ឆិកា ។
តាមប្រជាពលរដ្ឋនៅស្រុកស្នួលបាន បង្ហើបឱ្យដឹងថា មន្ដ្រីយោធាមួយចំនួន នៅវរការពារព្រំដែនគោកលេខ២០៤ បាននិងកំពុងរកស៊ីដឹកជញ្ជូននិងកាប់ ឈើលក់ទៅឱ្យឈ្នួញយ៉ាងគគ្រឹកគគ្រេង ដោយគេសង្ស័យថា មានការបើភ្លឺខៀវ ពីប្រធានអង្គភាពមួយនេះ ។
ជុំវិញការលើកឡើងរបស់ប្រជាពល រដ្ឋនេះប្រធានអង្គភាពវរការពារព្រំដែន គោកលេខ២០៤អ្នកយកព័ត៌មានមិនរក ការបកស្រាយបានទេនៅល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ៕
ដោយ៖ កោះ ទ្រុង