ភ្នំពេញ៖ ក្រុមក្មេងស្ទាវ មានគ្នាជាង១០នាក់ ជិះម៉ូតូ៦ទៅ៧គ្រឿង ប្រដាប់ទៅដោយដាវសាំម៉ូរ៉ៃ និងដុំថ្ម បាននាំគ្នាចូលទៅកាប់ក្មេងមួយក្រុមទៀតដែលកំពុងស្ថិតនៅក្នុងហាងអ៊ីនធើណេត យីហោ ខេធីខេ៥៩២ បណ្តាលឲ្យរងរបួសបុរស២នាក់ និងស្ត្រីម្នាក់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅហាងអីនធើណេ យីហោ ខេធីខេ៥៩២ ផ្ទះលេខ៧៥ ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ករណីនេះគេនៅមិនទាន់ដឹងថា បណ្តាលមកពីមូលហេតុអ្វីនៅឡើយទេ ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ខណៈដែលអំពើហិង្សាកំពុងកើតឡើងនោះ កម្លាំងសមត្ថកិច្ចដែលល្បាតតាមមូលដ្ឋានបានទៅឃើញ ក៏ធ្វើអន្តរាគមន៍តែម្តង ដោយឃាត់ខ្លួនជនសង្ស័យបាន២នាក់ រីឯបក្ខពួកជនសង្ស័យច្រើននាក់ផ្សេងទៀតបានរត់គេចខ្លួនអស់ ។
ក្រោយកើតហេតុ ទាំងក្រុមក្មេងរងគ្រោះ និងទាំងជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍បឹងកក់២ ដើម្បីសួរនាំ និងធ្វើកំណត់ហេតុ ៕
ដោយ៖ ស រស្មី