ខេត្តត្បូងឃ្មុំ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តត្បូងឃ្មុំបានសហការជាមួយកម្លាំងនគរបាលក្រុងសួង ចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ ពីបទជួញដូរ រក្សារទុក ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ហើយក៏មានការឯកភាពផ្នែកផ្លូវច្បាប់ពីតំណាងអយ្យការ អមសាលាដំបូងខេត្តត្បូងឃ្មុំផងដែរ។
ប្រតិបត្តការនេះធ្វើឡើងកាលវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅភូមិជ្រៃបិតមាស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
លោកវរសេនីយ៍ត្រី ឈន សុធន អធិការនគរបាលក្រុងសួងបានបញ្ជាក់ដឹងថា ជនសង្ស័យខាងលើទី១ ឈ្មោះ អាន ស៊ីឌឿន ភេទប្រុស អាយុ៣៦ឆ្នាំ ទី២ឈ្មោះ សែន ចិត្រា ភេទប្រុស រស់នៅ ភូមិជ្រៃបិតមាស សង្កាត់សួង ក្រុងសួង ទី៣ ឈ្មោះ អៀង ចិត្រា ហៅប៉ាវ ២៩ឆ្នាំ នៅភូមិ តូង សង្កាត់សួង ក្រុងសួង ទី៤ ឈ្មោះ ធី ដេវីដ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិចំការថ្មី ឃុំគគី ស្រុកមេមត់។ ចំណែកម្ចាសផ្ទះ មានឈ្មោះ អុក ស្រីទូច ភេទស្រី អាយុ ២៩ឆ្នាំ ។ ក្នុងនោះកំលាំងជំនាញដកហូតបាននូវ វត្ថុតាងសង្ស័យជាថ្នាំញៀន ចំនួន ធំ ១ កញ្ចប់ កណ្តាល ៥ កញ្ចប់ តូច៣ កញ្ចប់ និងថ្នាំញៀនប្រភេទគ្រាប់ពណ៍ផ្កាឈូកដែលមានសញ្ញាអក្សរ WY ចំនួន១១គ្រាប់ និងជញ្ជីងអេឡិចត្រូនិកចំនួន២ រួម និងគ្រាប់កាំភ្លើង មាក្សរ៉ូឡូចំនួន១៤គ្រាប់។
លោកអធិការក៏បានបញ្ជាក់ដែរថា បច្ចុប្បន្ន ជនសង្ស័យរួម នឹងវត្ថុតាងកំពុងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕
ដោយ៖ វណ្ណះ