ភ្នំពេញ៖ រថយន្តតាក់ស៊ីម៉ែត្ររបស់ក្រុមហ៊ុនមហាកំផែង មួយគ្រឿងបានបើកប៉ះជាមួយ និងរថយន្តឡិចស៊ីស RX300 ចំពីចហៀងបណ្ដាលឲ្យរងការូចខាត ។
កាលពីវេលាម៉ោង១និង៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅមុខស្ថានីយសាំង CALTEX តាមបណ្ដោយផ្លូវម៉ៅសេទុង កែងនិងផ្លូវព្រះមន្នីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តឡិចស៊ីសRX300មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2P.9052 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើតតាមបណ្ដោយផ្លូវម៉ៅសេទុង ខណះមកដល់ចំណុចកើតហេតុ ក៏បានបទស្ដាំបំរុងនិងចូលចាក់សាំ ស្រាប់តែមានរថយន្តតាក់ស៊ីម៉ែត្ររបស់ក្រុមហ៊ុន មហាកំផែងពណ៌ខៀវ លាយប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2Y.7040 បើកបរស្របទិសគ្នាមកពីក្រោយបានមកប៉ះគ្នានិងរថយន្តឡិចស៊ីសបណ្ដាលឲ្យរងការខូចខាតបន្ទិចបន្ទួចមិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសនោះទេ ។
ក្រោយពេលកើតហេតុ ភាគីទាំងសងបានសម្របសម្រួលគ្នាដោយភាគី រថយន្តតាក់ស៊ីម៉ែត្របានសងការខូចខាតដល់ខាងរថយន្តឡិចស៊ីសដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ៕
ដោយ៖ ជឹម ភារ៉ា