ភ្នំពេញ៖ អគ្គីភ័យមួយបានឆាប់ឆេះរោងដាក់រថយន្តចាស់ៗមួយកន្លែងដោយមិនដឹងពីមូលហេតុបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ទាំងកណ្តាលយប់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ មុខនឹងស្ថានទូតបារាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរនោះបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ គេក៏បានឃើញមានផ្សែងហុយចេញពីរោងទុករថយន្តក្នុងដីឡូត៍មួយកន្លែងដោយពុំដឹងពីមូលហេតុ មួយសន្ទុះក្រោយមកក៏បង្កជាអណ្តាតភ្លើងឆាប់ឆេះឡើងយ៉ាងសន្ឋោសន្ឋៅ ទើបប្រជាពលរដ្ឋនាំគ្នាជួយបាញ់ពន្លត់ និងទំនាក់ទំនងទៅសមត្ថកិច្ច។ ភ្លាមៗនោះសមត្ថកិច្ចកម្លាំងពន្លត់អគ្គីភ័យរបស់ការិយាល័យបង្ការនិងពន្លត់អគ្គីភ័យបានចុះមកអន្តរាគមន៍ភ្លាមៗនៅនឹងកន្លែងកើតហេតុ ធ្វើការបាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង ។
សមត្ថកិច្ចបានអោយដឹងថា កិច្ចប្រតិបត្តិការណ៍បាញ់ពន្លត់អគ្គីភ័យខាងលើនេះ បានប្រើប្រាស់រថយន្តចំនួន៧គ្រេឿង និងរយះពេលជាង១ម៉ោងទើបអគ្គីភ័យរលត់ជាស្ថាពរ។ មិនមានប្រភពណាមួយអាចបញ្ជាក់បានថា ករណីនេះបណ្តាលមកពីអ្វីអោយប្រាកដនោះទេ ហើយក៏សំណាងល្អដែរដែលមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋ គ្រាន់តែឆាប់ឆេះរថយន្ត៣គ្រេឿងដែលទុកនៅទីនោះប៉ុណ្ណោះ ៕
ដោយ៖ ព្រែកជ័យ