ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបុកជាមួយម៉ូតូបណ្ដាលឲ្យ បុរសម្នាក់បានបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារតែត្រូវរថយន្តនីសាន់មួយគ្រឿង ខណៈបើកក្នុងទិសដៅបញ្ច្រាសទិសគ្នាបុកចំពីមុខពេញទំហឹង ។
កាលពីវេលាម៉ោង០៨ និង១០នាទីយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ បើតាមសាក្សីពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ធី មានមុខរបរជាជាងឈើ បច្ចុប្បន្នស្នាក់នៅសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ប្រភពពត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក AXELO ពណ៍ក្រហមខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BH-0617 ជិះតាមបណ្តោយផ្លូវ៦០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តនីសាន់ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X-9256 បើកក្នុងទិសដៅបញ្ច្រាសទិសគ្នាបុកពីមុខពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូបោកផ្ទប់ជាមួយនឹងរថយន្តបាក់កស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ ចំណែកអ្នកបើករថយន្ត រត់គេចខ្លួនបាត់ស្រមោល នៅសល់តែព្រូរថយន្ត២នាក់ដែលរងរបួសធ្ងន់ ត្រូវបានរថយន្តដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យភ្លាម ។
ក្រោយកើតហេតុរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ តាឡឹម