ភ្នំពេញ៖ ម្ចាស់ពាន Cambodian Idol យុវជនវ័យក្មេង នី រតនា ត្រូវបានទទួលពានចំនួន២លើក បើគិតមកដល់បច្ចុប្បន្ន ខណៈគ្រាមុន នី ម៉ាប់(បច្ចុប្បន្នប្រើឈ្មោះក្លែងក្លាយ នី រតនា) ត្រូវបានទទួលពានរង្វាន់លេខ១ ពីស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ក្នុងកម្មវិធីពេជ្រកំពុងច្នៃ ។ ទន្ទឹមនឹងទទួលពាន Cambodian Idol នី រតនា ក៏រងនូវការរិះគន់ ដោយមជ្ឈដ្ឋានអ្នកគាំទ្រមានចំនួនច្រើនថា គាត់ នៅមានចំណុចខ្វះខាតច្រើន និងខ្លះទៀតគាំទ្រ នី រតនា ស័ក្តិសម នឹងទទួលពាន Cambodian Idol ។
ថ្មីៗនេះ នី រតនា ត្រូវបានគេដឹងថា គាត់បានប្រើប្រាស់ឈ្មោះក្លែងក្លាយក្នុងការចូលរួមប្រឡងយកពានរង្វាន់ Cambodian Idol ដោយក្នុងបញ្ជីជាតិសំបុត្រកំណើត គាត់ឈ្មោះ នី ម៉ាប់ ហើយក្នុងកម្មវិធីប្រឡង នី ម៉ាប់ ដាក់ឈ្មោះខ្លួន នី រតនា ទស្សនិកជនចាត់ទុកថា ម្ចាស់កម្មវិធី Cambodian Idol មានភាពធូរលុង និងមិនបានចាប់អារម្មណ៍ ឬធ្វេសប្រហែស ខ្វះការទទួលខុសត្រូវ សូម្បីតែបេក្ខជនម្នាក់ (នី រតនា) មិនមានអត្តសញ្ញាណពិតប្រាកដ គេគ្រាន់តែប្រើឈ្មោះក្លែងក្លាយ ក៏អនុញ្ញាតឲ្យចូលប្រឡង ។ ចំណុចនេះ តើអាចនិយាយបានទេថា ការប្រឡងកន្លងទៅ មានភាពសុក្រឹត្យ ឬមួយយ៉ាងណា បើគ្រាន់តែបេក្ខជនម្នាក់ មានឱកាសប្រើប្រាស់ឈ្មោះក្លែង និងទទួលបានជាម្ចាស់ពាន រង្វាន់ Cambodian Idol ទៅទៀតនោះ?
នី រតនា បានប្រាប់សារព័ត៌មានក្នុងស្រុកថា តាមពិតឈ្មោះរបស់លោក ដែលមាននៅក្នុងសំបុត្រកំណើត គឺឈ្មោះថា នី ម៉ាប់ ដោយលោកលើកហេតុផលថា ឈ្មោះ នី ម៉ាប់ គឺជាការដាក់ឈ្មោះខុសពីពេលដែលធ្វើសំបុត្រកំណើត ប៉ុន្តែលោកបញ្ជាក់ថា ឈ្មោះ រតនា គឺជាឈ្មោះដែលប្រើប្រាស់ជាប្រចាំថ្ងៃ តាំងតែពីតូចមកម្ល៉េះ ហើយអ្នកដែលបានស្គាល់លោកតាំងតែពីដើមមក គឺហៅលោកថា រតនា រតនា មិនមែន ម៉ាប់នោះឡើយ ។
ទស្សនិកជនទទួលស្គាល់ពីការរីកចម្រើនលើវិស័យសិល្បៈចម្រៀង ពិសេសគាំទ្រចំពោះលំហូររបស់យុវជន តែងតែមានការចូលរួមរាល់ការប្រកួតប្រឡងចម្រៀង បញ្ចេញអស់ពីសមត្ថភាពដើម្បីទទួលបានជ័យលាភី ។ ប៉ុន្តែទស្សនិកជន មិនត្រូវការយុវជនដែលមានចេតនាមិនល្អ ប្រើប្រាស់ឈ្មោះក្លែងក្លាយ ដើម្បីបន្លំភ្នែកទស្សនិកជន ឬក៏ចាត់ទុកថា អ្នកគ្រប់គ្រងកម្មវិធីប្រឡងមានចំណុចខ្សោយជាងខ្លួននោះឡើយ ។
ពាក់ព័ន្ធករណីនេះផងដែរ នគរវត្តមិនអាចទាក់ទងបានពីម្ចាស់ពានរង្វាន់កម្មវិធី Cambodian Idol នី រតនា នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយទូរស័ព្ទចូល គ្មានអ្នកទទួល ៕
ដោយ៖ សិលា