ភ្នំពេញ៖សាលាឧទ្ធរណ៍នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ នឹងបើកសវនាការរឿងក្តីបាញ់សម្លាប់បណ្ឌិតកែម ឡី ដ៏កក្រើក ដើម្បីកាត់ទោសជនជាប់ចោទ ជួប សំលាប់ សាជាថ្មី ។
សវនាការនេះដឹកនាំដោយលោក ចាយ ច័ន្ទតារាវណ្ណ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ហ៊ឹង ប៊ុនជា ជាតំណាងមហាអយ្យការ ។
ជនជាប់ចោទ ជួប សំលាប់ ដែលជាឈ្មោះពិតក្នុងបញ្ជីឯកសារតុលាការ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និង កាន់កាប់អាវុធខុសត្រូវ ។
លោក យុង ផានិត មេធាវីការពារជនជាប់ចោទ ធ្លាប់អះអាងថា មូលហេតុដែលជនជាប់ចោទប្តឹងឧទ្ធរណ៍នេះគឺដោយសារជួប សំលាប់ ដឹងកំហុសចង់ឱ្យសាលាឧទ្ធរណ៍បន្ធូរបន្ថយទោស ។
ជួប សំលាប់ ត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនភ្លាមៗ ក្រោយពីបាញ់សម្លាប់បណ្ឌិត កែម ឡី កាលពីវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងទីតាំង ស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈ កាល់តិច បូកគោ ស្ថិតនៅកាច់ជ្រុង មហាវិថីព្រះមុនីវង្ស និង មហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ៕ចេស្តា