ក្រុមយុវជនដែលចូលចិត្តលេងហ្គេមតាមអ៊ីនធើណេតខ្សឹបខ្សៀវតៗគ្នាជាសេចក្តីជូនដំណឹងតាម តេអូវ័លអណ្តើក ឲ្យដឹងថា ហ្គេមស៊ីសងគ្រប់ប្រភេទនៅផ្សារស៊ីធីម៉ល ដែលផ្អាកមួយដង្ហើមចង្រិតនោះបានចាប់ផ្តើមដំណើរការឡើងវិញហើយ ។ ដូច្នេះបើប្រិយមិត្ត យុវជន យុវនារី ជាម៉ូយ ឬជាអតិថិជន ម្ចាស់ហ្គេមនៅផ្សារទំនើប ស៊ីធីម៉ល ជ្រាបហើយ សូមអញ្ជើញទៅលេងកម្សាន្តវិញចុះ មិនបាច់ព្រួយបារម្ភ ខ្លាចក្រែងគេចាប់ ថត ផ្សាយទូរទស្សន៍ កាសែតនោះទេ ។
គេរាយការណ៍ថា ល្បែងហ្គេមស៊ីសងគ្រប់ប្រភេទ ជាពិសេសប្រភេទបាញ់ត្រីបានដំណើរការឡើងវិញហើយនៅផ្សារទំនើបស៊ីធីម៉លដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា ទល់មុខសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបានបិទផ្អាកមួយរយៈកាលពីចុងខែតុលា ឆ្នាំ២០១៥មកនោះ ។ ប្រភពខ្សឹបថា នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា គេឃើញទូហ្គេមយ៉ាងហោចណាស់៥កន្លែង កំពុងបើកដំណើរការនៅជាន់លើនៃផ្សារនេះ ។
អាជ្ញាធររាជធានីភ្នំពេញបានតាំងចិត្តមុតមាំក្នងការបង្ក្រាបមិនឲ្យមានល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីនេះទេ នោះគឺដើម្បីជំរុញឲ្យគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពបានរឹងមាំ ។ ប៉ុន្តែមិនដឹងជាយ៉ាងដូចម្តេច បានជាហ្គេមអាចដំណើរឡើងវិញបាននៅក្នុងផ្សារទំនើបស៊ីធីម៉ល ។ គេខ្សឹបថា ឋានៈត្រឹមសមត្ថកិច្ចខណ្ឌមិនអាចបង្ក្រាបហ្គេមនៅផ្សារស៊ីធីម៉លបានទេ គឺទាល់តែថ្នាក់អគ្គស្នងការនគរបាលជាតិឯណោះ?