ភ្នំពេញ៖ ជម្លោះរវាងអ្នកជិះម៉ូតូ និងអ្នកបើកបររថយន្តតាក់ស៊ីម៉ែត្រ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាចោមរោមមើល និងជួយសម្របសម្រួលទាំងកណ្ដាលយប់ ព្រោះតែរឿងការបើកបរដោយមិនចេះយោគយល់គ្នា ខណៈដែលរថយន្ដតាក់ស៊ីបានបើកសាចទឹកស្អុយជះត្រូវអ្នកជិះម៉ូតូ ហើយមិនឈប់សុំទោស ក៏ត្រូវអ្នកជិះម៉ូតូដេញស្ទាក់រថយន្ដឲ្យឈប់ ហើយក៏មានការវាយតប់គ្នាតែម្ដង។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥នៅតាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចផ្លូវចូលវត្តអង្គតាមិញ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
រថយន្តបង្កជារថយន្តតាក់ស៊ីម៉ែត្រ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AA 4227 បើកបរក្នុងទិសដៅពីត្បូងទៅជើងតាមបណ្ដោយផ្លូវ២០០៤។ ចំណែកម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ជិះគ្នា២នាក់ ស្រី១នាក់ និងប្រុស១នាក់ ពាក់ស្លាកលេខភ្នំពេញ1AI 0080 បើកបរស្របគ្នា។
តាមរបស់បុរសជាម្ចាស់ម៉ូតូបាននិយាយថា មុនពេលកើតហេតុរថយន្តបង្កបើកបរស្របទិសគ្នាពីត្បូងទៅជើងដោយម៉ូតូបើកពីមុខរថយន្ត។ លុះពេលដល់ចំណុចកើតហេតុ រថយន្តបើកមកដល់ទន្ទឹម ម៉ូតូ និងបានបើកជែងម៉ូតូ ហើយសាចទឹកស្អុយដាក់អ្នកជិះម៉ូតូ បណ្ដាលឲ្យប្រឡាក់។ ពេលនោះគាត់ខឹងក៏ជិះម៉ូតូដេញស្ទាក់រថយន្តឲ្យឈប់។ ពេលរថយន្តឈប់អ្នកជិះម៉ូតូ បានស្ទុះទៅវាយមួយដៃទៅលើអ្នកបើករថយន្ត តែវាយខុសហើយអ្នកបើករថយន្តទូរស័ព្ទហៅបក្ខពួកអ្នករត់តាក់ស៊ីដូចគ្នាឲ្យមកជួយ។ រីឯខាងម៉ូតូក៏បានហៅបក្ខពួកឲ្យមកជួយដែរ តែអ្នកមកជួយនោះ មិនបានវាយតប់គ្នាទេ គឺគ្រាន់តែឈ្លោះប្រកែកគ្នាដោយពាក្យសម្ដីប៉ុណ្ណោះ ក៏បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរទីនោះរាយការណ៍ដល់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ជួយដោះស្រាយកុំឲ្យមានជម្លោះរវាងគ្នា និងគ្នាដោយបានដោះឲ្យស្មើគ្នា មិនឲ្យអ្នកណាឈ្នះអ្នកណាចាញ់ឡើយ៕
ដោយ៖ វិបុល