ខេត្តក្រចេះ៖ បុរសជាអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ពីរនាក់ គឺត្រូវនគរបាលចរាចរណ៍ស្រុកចិត្របុរី បានចាប់ឃាត់ខ្លួនភ្លាមៗ ក្រោយពីអ្នកបើកបររថយន្តបង្កម្នាក់នេះ បានព្យាយាមរត់គេចខ្លួន ដោយមិនទទួលខុសត្រូវ។
បុរសជាអ្នកបើកបររថយន្តបង្កម្នាក់នេះឈ្មោះ វ៉ា ឆាន់នី អាយុ២៥ រស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ និងជាមន្ត្រីអក្គិសនី នៅស្រុកគៀនស្វាយ ខេត្តកណ្តាល ។
នគរបាលស្រុកចិត្របុរិបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមានមនុស្សស្លាប់និងរបួសមួយករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៦ខែវិច្ឆិកា នៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងភូមិដីសប្បទានកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។
ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១ឈ្មោះ ទូច លន់ ភេទស្រី អាយុ៦៥ឆ្នាំ ស្លាប់នៅនិងកន្លែងកើតហេតុ ២ឈ្មោះ ខេ ក្រេន អាយុ៧៥ឆ្នាំ ត្រូវជាប្តីជនរងគ្រោះខាងលើ និងទី៣ឈ្មោះ មាន ខេត្ត អាយុ១៧ឆ្នាំ ត្រូវជាចៅ និងជាអ្នកបើកបរម៉ូតូ ជនរងគ្រោះទាងបីនាក់មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
អធិការរងស្រុកចិត្របុរី លោក ភី គា ទទួលបន្ទុកចរាចរណ៍ បានឱ្យដឹងថា យោងតាមកំនូសភ្លង់នៅកន្លែងកើតហេតុ ករណីគ្រោះថ្នាក់ចរាចណ៍នេះ គឺបង្កឡើងដោយរថយន្តម៉ាក ford ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2D-1317 ជារថយន្តរបស់អង្គភាពអគ្គិសន្នីនៅស្រុកកៀនស្វាយ ខេត្តកណ្តាល បើកបរដោយឈ្មោះ វ៉ា ឆាន់នី អាយុ២៥ រស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមានអ្នករួមដំណើរពីរនាក់ផ្សេងទៀត ។
លោកថា នៅពេលកើតហេតុ ទាំងរថយន្តនិងម៉ូតូ គឺបានបើកបរស្របទិសគ្នា ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំនុចកើតហេតុ អ្នកបើកបរម៉ូតូបានបត់ម៉ូតូសំដៅចូលផ្ទះមិនប្រយត្ន័ ក៏ត្រូវរថយន្តបង្កកៀរបុក បណ្តាលឱ្យមានអ្នកស្លាប់និងរបួស ។
លោកអធិការរងបានបញ្ចាក់ថា ក្រោយពីកើតហេតុ អ្នកបើកបររថយន្តបង្កត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនក្រោយពីជននេះបានព្យាយាមរត់គេច ដោយមិនទទួលខុសត្រូវ ។
បច្ចុប្បន្នទាំងរថយន្តបង្ក និងម៉ូតូជនរងគ្រោះម៉ាកវ៉េវអាល់ហ្វា ត្រូវបាននគរបាលនាំទៅរក្សាទុកបណ្តោះអាសន្ន នៅអធិការរដ្ឋាននគរបាលស្រុក ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ កោះទ្រុង